(ភ្នំពេញ)៖ អ្នកជំងឺឈាមក្រកក (វិបត្តិឈាមហូរ ឬ ហេម៉ូហ្វីលា) ជាង២០គ្រួសារ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ ទទួលបានការបង្រៀន ពីវិធីសាស្រ្តថែរក្សា មាត់ធ្មេញ ដើម្បីទប់ស្កាត់ឈាមហូរ ពីសមាគមហេម៉ូហ្វីលា និងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។

សមាគមហេម៉ូហ្វីលា និងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បាននាំយកពេទ្យ និងនិស្សិតជំនាញទន្តពេទ្យជាង៤០នាក់ ដើម្បីចូលរួម បង្រៀន ពីវិធីសាស្រ្តថែរក្សា មាត់ធ្មេញ ដើម្បីទប់ស្កាត់ឈាមហូរ ជូនដល់អ្នកជំងឺឈាមក្រកកជាង២០គ្រួសារផងដែរ។

លោក សាស្រ្តាចារ្យ សឺន សុផារិទ្ធ ទន្តបណ្ឌិត ជំនាញទន្តសាស្រ្តកុមារ និងជាប្រធានផ្នែកទន្តសាស្រ្ត នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែតុលានេះ សាកលវិទ្យាល័យ និងសមាគមហេម៉ូហ្វីលា បានរួមសហការគ្នា រៀបចំវគ្គបណ្តុះបណ្តាខ្លីមួយ សម្រាប់និស្សិតប្រមាណជាជាង១០០នាក់ ដែលរៀនជំនាញមាត់ធ្មេញរួចហើយនោះ បានមកចូលរួមវគ្គ បណ្តុះបណ្តាលបន្ថែមពីអ្នកជំនាញ ដើម្បីធ្វើការពិសេស ទៅលើអ្នកជំងឺពិសេសៗមួយចំនួន មិនថាតែអ្នកជំងឺហេម៉ូហ្វីលានោះទេនៅមាន អ្នកជំងឺដែលជាកុមាររងគ្រោះមួយចំនួនទៀត។ កិច្ចសហការទទួលបានការគាំទ្រពី ក្រោមការគាំទ្រពី World Federation of Hemophilia (WFH) ​ដើម្បីដំណើរការកម្មវិធីនេះតាំងពីដើម ដល់ចប់កម្មវិធី។

ក្នុងវគ្គបណ្តុះបណ្តាលនេះ ទទួលបានការបង្រៀនពី សាស្រ្តាចារ្យ Olivia ជំនាញផ្នែកទន្តពេទ្យសម្រាប់អ្នកជំងឺហេម៉ូហ្វីលា ក្នុងនោះ​សាស្រ្តចារ្យ ក៏បានប្រកាសបង្រៀនសិស្សបន្ថែមរយៈពេល១សប្តាហ៍ទៀតផងដែរ។

ជាមួយគ្នានោះ លោក សែម សុខបញ្ញា ប្រធានសមាគមហេម៉ូហ្វីលា បានលើកឡើងថា ការរៀបចំកម្មវិធីនេះ គឺក្នុងគោលបំណងបង្កើនការ យល់ដឹង ឲ្យនិស្សិតសុខាភិបាលបានយល់ដឹងជាពិសេស និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ត យល់ដឹងពីជំងឺឈាមក្រកក និងរោគ វិនិច្ឆ័យ និងការរកសេវាឈាមក្រកកនេះ។ លោកបន្តថា ទាក់ទងបញ្ហាមាត់ធ្មេញ នៅមន្ទីរពេទ្យមួយចំនួន គឺពិបាកក្នុងការពិនិត្យ មាត់ធ្មេញ ជាពិសេស អ្នកជំងឺហេម៉ូហ្វីលា។ កាលណា គាត់ដកធ្មេញ ហើយហូរឈាម ពិបាកក្នុងការទប់ឈាមជាដើម។

មាត់ធ្មេញ ក៏ជាកត្តាចំបងមួយ ដែលអ្នកជំងឺហេម៉ូហ្វីលា ត្រូវយកចិត្តទុកដាក់ ពីព្រោះនេះ ជាផ្នែកមួយនៅខាងក្នុងសរីរាង្គអ្នកជំងឺ ហើយ ងាយស្រួល ក្នុងការហូរឈាមពេលព្យាបាលម្តងៗ ទោះបីជាមានថ្នាំការពារយ៉ាងណាក៏ដោយ។ ដូចនេះ ការការពារ និងព្យាបាលមាត់ធ្មេញនេះ គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកជំងឺហេម៉ូហ្វីលា។

លោក សាស្រ្តាចារ្យ សឺន សុផារិទ្ធ បានឲ្យដឹងថា ដោយសារតែថ្នាក់ដឹកនាំសាកលវិទ្យាល័យ មើលឃើញថា អ្នកជំងឺហេម៉ូហ្វីលា គឺត្រូវការអ្នកជំនាញពិសេស ដើម្បីធ្វើការ ព្យាបាលឲ្យគាត់ បើសិនជាយើងមិនមានចំណេះដឹងពិសេស ផ្នែកហេម៉ូហ្វីលាទេ យើងអាចប្រឈមនូវបញ្ហាមួយចំនួន ក្នុងការព្យាបាល ក្រោយពេលព្យាបាលអាចមានការហូរឈាម។ លោកបានបន្តថា យើងអនុវត្តផ្ទាល់ជាមួយអ្នកជំងឺ ដោយមានការបង្រៀន និងធ្វើបទបង្ហាញពីក្រុមគ្រួពេទ្យជំនាញរបស់សាកលវិទ្យាល័យពុទ្ធិសាស្រ្ត។

អ្នកជំនាញមាត់ធ្មេញរូបនេះ បានបន្តថា ក្នុងចំណោមនិស្សិតទាំងអស់មានតែនិស្សិត៤១នាក់ប៉ុណ្ណោះ ដែលបានចូលរួមធ្វើបទបង្ហាញ ពីសកម្មភាព សំអាតមាត់ធ្មេញ ជូនទៅដល់អាណាព្យាបាល និង អ្នកជំងឺហេម៉ូហ្វីលា ប្រមាណជាជាង២០គ្រួសារ។ និស្សិតទាំងអស់ ត្រូវយល់ដឹងពីជំនាញមាត់ធ្មេញ ឲ្យបានច្បាស់លាស់ និងយល់ដឹងពីការថែទាំអ្នកជំងឺ ព្រមទាំងយល់ពីវិធីសាស្រ្ត ធ្វើយ៉ាងណា ការពារអ្នកជំងឺឲ្យបាន នៅពេលព្យាបាលហើយ មានការហូរឈាម។

លោក សែម សុខបញ្ញា បានបញ្ជាក់ថា បញ្ហាប្រឈមសម្រាប់អ្នកជំងឺហេម៉ូហ្វីលា ដែលមានអាយុលើសពី១៦ឆ្នាំ នៅតែមាន ដោយសារតែ ពួកគាត់ ត្រូវការការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដែលមានជំនាញព្យាបាលជំងឺមួយនេះ។ ក្នុងស្ថានភាពធ្ងន់ធ្ងរ អ្នកជំងឺប្រភេទនេះពិតជា ត្រូវការថវិកាច្រើន ក្នុងការ ព្យាបាលជាប្រចាំ ហើយការចំនាយមិនតិចជាង១ពាន់ដុល្លារឡើយ។

ប្រធានសមាគមរូបនេះ បានបន្ថែមថា នេះជាលើកទី១ហើយ​ ដែលសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានសហការជាមួយសមាគម អ្នកជំងឺហេម៉ូហ្វីលា ហើយក៏គ្រោងសហការគ្នា ជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។ សមាគមក៏គ្រោងនឹងសហការជាមួយសាកលវិទ្យាល័យសុខាភិបាលជាច្រើនទៀតនៅទូទាំងប្រទេស កម្ពុជា ដើម្បីធ្វើសកម្មភាពទាក់ទងនឹង អ្នកជំងឺហេម៉ូហ្វីលា។

គួរបញ្ជាក់ថា គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានមជ្ឈមណ្ឌលព្យាបាលជំងឺហេម៉ូហ្វីលា ចំនួន២កន្លែង នៅប្រទេសកម្ពុជា ក្នុងនោះរួមមាន មន្ទីរពេទ្យកុមារជាតិភ្នំពេញ និងមន្ទីរកុមារអង្គរសៀមរាប មានអ្នកជំងឺដែលបានចុះបញ្ជីនៅមណ្ឌលទាំង២ចំនួន ១៣៧នាក់។

ក្រៅពីការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល មជ្ឈមណ្ឌលទាំង២ បានទទួលបណ្តុះបណ្តាលមន្រ្តីសុខាភិបាលបន្តជាច្រើនទៀត។ ចាប់ពីឆ្នាំ២០១៤ សមាគមហេម៉ូហ្វីលាកម្ពុជា ក្រោមការគាំទ្រពី ក្រោមការគាំទ្រពី Novo Nordisk Haemophilia Foundation (NNHF) ដើម្បីបណ្តុះបណ្តាលមន្រ្តីសុខាភិបាលចំនួន៥ខេត្ត ក្នុងនោះរួមមាន ខេត្តកំពង់ចាម សៀមរាប តាកែវ ព្រះសីហនុ និងកំពង់ធំ សរុបមានគ្រូពេទ្យចំនួន ១២៦នាក់ និងបុគ្គលិកមន្ទីរពិសោធន៍ ៤៧នាក់។

ជាការកត់សំគាល់ អ្នកជំងឺហេម៉ូហ្វីលា ភាគច្រើនសុទ្ធតែជាកុមារា ស្ថិតនៅគ្រួសារក្រីក្រតាមជនបទ ហើយអ្នកជំងឺចំនួន ៥០ភាគរយ ធ្លាក់ខ្លួនពិការសារពាង្គកាយ។ ជំងឺនេះ ធ្វើឲ