(កំពង់ស្ពឺ)៖ ទង្វើក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបាននាយឧត្តមសេនីយ៍ គន់ គីម លើកយកទៅផ្សព្វផ្សាយជូនដល់កងទ័ពនៅគ្រប់អង្គភាព ព្រមទាំងបានទទូចឲ្យកងទ័ពក្រោកឈរប្រឆាំងទង្វើក្បត់ជាតិរបស់ថ្នាក់ដឹកនាំបក្សប្រឆាំងមួយនេះ ដើម្បីរក្សាសុខសន្តិភាព និងស្ថេរភាពរបស់សង្គមកម្ពុជា។

ការផ្សព្វផ្សាយនេះបានធ្វើឡើងក្នុងពេលនាយឧត្តមសេនីយ៍ គន់ គីម នាំយកអាវរងាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនកងទ័ពជិត ១ម៉ឺននាក់នៅបញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគទី៣នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ។

ក្នុងពេលចែកអាវរងានោះក្រៅពីការលើកបង្ហាញនូវការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរបស់កងទ័ពពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ ស្ថានភាពនយោបាយ និងបញ្ហាប្រទេសជាតិ ជាពិសេសទង្វើក្បត់ជាតិរបស់លោក កឹម សុខា ព្រមទាំងថ្នាក់ដឹកនាំក្នុងគណបក្សប្រឆាំងនេះ គឺជាប្រធានបទដ៏សំខាន់ ដែលនាយឧត្តមសេនីយ៍ គន់ គីម យកទៅលាតត្រដាងជូនកងទ័ព។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា ការឃុបឃិតជាមួយសហរដ្ឋអាមេរិករបស់លោក កឹម សុខា ដែលបានសារភាពដោយផ្ទាល់មាត់ពេលជួបជាមួយខ្មែរនៅក្រៅប្រទេស គឺបានបង្ហាញយ៉ាងជាក់ច្បាស់នូវទង្វើក្បត់ជាតិក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់សម្តេចតេជោ ហ៊ុន សែន ឈានទៅក្តោបក្តាប់អំណាច។

នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ទៀតថា បើគ្មានចំណាត់ការទាន់ពេលវេលាចំពោះទង្វើក្បត់ជាតិរបស់លោក កឹម សុខា និងថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិទេនោះ សន្តិភាពដែលរកបានដោយការធ្វើពលីកម្ម ដ៏លំបាកដោយវីរជនស្នេហាជាតិខ្មែរ ជាពិសេសដែលមានព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព នឹងត្រូវបំផ្លាញ
ក្រោមបាតដៃមេដឹកនាំប្រឆាំង ហើយកម្ពុជានឹងក្លាយជាប្រទេសលិចលុងក្នុងភ្លើងសង្រ្គាម និងវិនាសកម្ម ដូចនៅប្រទេសលីប៊ី និងស៊ីរីជាក់ជាមិនខាន។

«ការចាប់ខ្លួនលោក កឹម សុខា និងការប្តឹងដើម្បីរំលាយគណបក្សសង្រ្គោះជាតិ គឺជាហេតុផលច្បាប់របស់ប្រទេស។ កម្ពុជាបានប្រកាន់យករបបប្រជាធិបតេយ្យនិងនីតិរដ្ឋ។ រដ្ឋធម្មនុញ ដែលជាច្បាប់កំពូលរបស់ជាតិខ្មែរចែងថា ប្រជាពលរដ្ឋខ្មែរត្រូវមាន កាតព្វកិច្ចគោរពច្បាប់។ ច្បាប់ជាច្រើនត្រូវបានអនុម័តក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ។ អំពើខុសច្បាប់ របស់លោក កឹម សុខា គឺត្រូវមានប្រតិកម្មឆ្លើយតបវិញពីការអនុវត្តច្បាប់។ អ្នកប្រព្រឹត្តខុសច្បាប់ ជារូបវន្តបុគ្គលក្តី ជាបក្សនយោបាយក្តី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ កំហុសរបស់លោក កឹម សុខា និងគណបក្សសង្រ្គោះជាតិ ត្រូវដោះស្រាយតាមផ្លូវច្បាប់ ហើយមិនអាចយកទៅដោះដូរជាមួយនឹងការបោះឆ្នោត ដែលជារឿងនយោបាយនោះដែរ»។ នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់បន្ថែម។

ក្រៅពីថ្លែងបង្ហាញនូវទង្វើក្បត់ជាតិរបស់លោក កឹម សុខា និងគណបក្សសង្រ្គោះជាតិជូនកងទ័ពហើយនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានស្នើឲ្យកងទ័ពយកទង្វើទុចរិត និងទង្វើក្បត់ជាតិរបស់លោក កឹម សុខា និងគណបក្សសង្រ្គោះជាតិទៅប្រាប់ក្រុមគ្រួសារ សាច់ញាតិផងដែរ។ លើសពីនេះទៀត នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់កងទ័ពក្រោកឈរបំពេញកាតព្វកិច្ចការពារស្ថេរភាព សុខសន្តិភាពរបស់ជាតិ ដោយប្រឆាំងដាច់ខាតរាល់ចលនាបះបោរទាំងឡាយ។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានអំពាវនាវដល់កងទ័ព ក្រុមគ្រួសារ និងសាច់ញាតិ ដែលមិនទាន់ចុះឈ្មោះបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅឆ្នាំ២០១៨ខាងមុខនេះ៕