(ព្រះសីហនុ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ បានស្នើទៅកាន់អាជ្ញាធរខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធបន្តពង្រឹងការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍នៅតំបន់ឆ្នេរសមុទ្រឲ្យកាន់ស្អាត និងបៃតង ព្រោះឆ្នេរសមុទ្រនេះហើយ ដែលជាគោលដៅដ៏ទាក់ទាញបំផុត សម្រាប់ខេត្តភាគនិរតីមួយនេះ។

ការជំរុញដល់ការអភិវឌ្ឍខាងលើនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំត្រីមាស ជាមួយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដែលមានការចូលរួមពីមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ និងអាជីវករប្រមាណ២៥០នាក់ នៅសាលប្រជុំខេត្តព្រះសីហនុ។

ក្រោយដោះស្រាយបញ្ហាប្រឈមមួយចំនួន ជូនប្រតិបត្តិករទេសចរណ៍ និងអាជីវករ លោកបណ្ឌិត ថោង ខុន បានផ្តល់អនុសាសន៍ល្អចំនួន ៤ចំណុច សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍប្រកបដោយនិរន្តភាព រួមមាន៖

១៖ បន្ត និងពង្រឹងការយកចិត្តទុកដាក់លើការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរស្អាត ដែលជាគោលដៅដ៏ទាក់ទាញចម្បងរបស់ខេត្តព្រះសីហនុ។

២៖ បន្តជំរុញការរៀបចំទីក្រុងស្អាត ដែលជាផលិតផលទេសចរណ៍ដ៏មានសក្តានុពល ក្នុងការទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ។ ស្របជាមួយគ្នានេះ លោករដ្ឋមន្រ្តីស្នើបន្តឲ្យមានការដោះស្រាយបញ្ហាការគ្រប់គ្រងសំរាម និងទីលានចាក់សំរាមឲ្យបានឆាប់ ពិសេសការស្ថាបនាផ្លូវបេតុងចូលទីលានប្រមាណ ២គីឡូម៉ែត្រ ដែលបច្ចុប្បន្នមានការលំបាកខ្លាំងដល់រថយន្តដឹកសម្រាមចេញចូល។

៣៖ ពង្រឹងការគ្រប់គ្រងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ ដោយធានាឲ្យបានថាគ្រប់អាជីវកម្មទេសចរណ៍ ត្រូវមានអាជ្ញាបណ្ណទេសចរណ៍ និងផលិតផលត្រូវមានគុណភាព។ ដោយឡែក ដោយទេសចរចិនមានការកើនឡើងខ្លាំង លោករដ្ឋមន្រ្តីស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការអនុវត្តគោលនយោបាយ ទទួលទេសចរចិន (China Ready) ឲ្យបានខ្លាំងក្លា ពិសេសបុគ្គលិកទាំងអស់ ត្រូវចូលរួមការបណ្តុះបណ្តាលភាសាបរទេស ពិសេសចិន និងអង់គ្លេស និងជំនាញបដិសណ្ឋារកិច្ចទេសចរណ៍ ដើម្បីពង្រឹងសមត្ថភាពប្រកបដោយគុណភាពខ្ពស់។

៤៖ ដើម្បីជាការបោះជំហាន និងមានដំណើរការល្អ រដ្ឋបាលខេត្តគួរជ្រើសរើសអភិវឌ្ឍន៍ឲ្យមានសង្កាត់ស្អាតគំរូ និងឆ្នេរស្អាតគំរូសម្រាប់ជាមូលដ្ឋានជំរុញការអភិវឌ្ឍខេត្តតំបន់ឆ្នេរមួយនេះ ប្រកបដោយនិរន្តរភាព។

លោកបណ្ឌិតរដ្ឋមន្រ្តី បានស្នើឲ្យមានកិច្ចសហប្រតិបត្តិឲ្យបានជិតស្និទ្ធបន្ថែមទៀត រវាងអង្គភាពជំនាញទាំងអស់ ពិសេសជាមួយនឹងប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពកក់ក្តៅ បទពិសោធន៍ និងអនុស្សាវរីយ៍ដល់ភ្ញៀវទេសចរ ដែលមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ និងសូមចូលរួមទាំងអស់គ្នា ដើម្បីធ្វើការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរខ្សាច់ និងទីក្រុងទេសចរណ៍ឲ្យបានស្អាតល្អ ដើម្បីទទួលបានជោគជ័យ ក្នុងការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន នាដើមឆ្នាំ២០១៨ ខាងមុខនេះ។

សូមបញ្ចាក់ថា ឆ្នាំ២០១៧នេះ ខេត្តព្រះសីហនុមានសណ្ឋាគារចំនួន ៧២ទីតាំង និងផ្ទះសំណាក់ ៣២២ទីតាំង សរុបចំនួន ៧,៥០០បន្ទប់។ ដើមឆ្នាំ២០១៨ អាចនឹងនឹងមានបន្ទប់សណ្ឋាគារថ្មីប្រមាណ ២,០០០បន្ទប់ បន្ថែមទៀត ក្នុងនោះកម្រិតផ្កាយ៥ មានប្រមាណ ១,០០០បន្ទប់ បន្ថែមទៀត។

សម្រាប់៩ខែ ដើមឆ្នាំ២០១៧ ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តព្រះសីហនុ មានចំនួន ១.៥លាននាក់ ក្នុងកំណើន ២២.៣៩% ក្នុងនោះទេសចរជាតិ ១.១លាននាក់ កើនឡើង ២៣% ទេសចរអន្តរជាតិជាង ៤០ម៉ីននាក់ កើនឡើង ១៨% ក្នុងនោះទេសចរជនជាតិចិនស្ថិតនៅលំដាប់ទី១ ដែលមានចំនួនជិត៩ម៉ឺននាក់ ជាមួយកំណើន ១៧០.៦១%។
តាមការព្យាករណ៍ ក្នុងឆ្នាំ២០១៧ ខេត្តព្រះសីហនុអាចមានចំនួនទេសចរប្រមាណជិត ២លាននាក់ ក្នុងកំណើនប្រមាណ ២០% ក្នុងនោះទេសចរជាតិប្រមាណ ១.៤លាននាក់ ទេសចរអន្តរជាតិប្រមាណជាង ៦០ម៉ឺននាក់។ ឆ្នាំ២០២០ ភ្ញៀវទេសចរអាចនឹងមកកម្សាន្តក្នុងខេត្តព្រះសីហនុ កើនដល់ប្រមាណជិត ៣លាននាក់ ក្នុងនោះទេសចរអន្តរជាតិប្រមាណ ១លាននាក់។

យ៉ាងណាមិញ សម្រាប់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ត្រឹមតែ៨ខែ ដើមឆ្នាំ២០១៧ ប៉ុណ្ណោះ មានជើងហោះហើរសរុប ១,៨៦២ជើង កើនឡើង ១៧៨.៣៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៦ ដែលមានត្រឹមតែ ៦៥៦ជើង ប៉ុណ្ណោះ បច្ចុប្បន្នមានការហោះហើរត្រង់ពីចិន វៀតណាម ម៉ាឡេស៊ី សៀមរាប ភ្នំពេញ៕