(ភ្នំពេញ)៖ ច្បាប់ទាំង៤ពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត, សមាជិកព្រឹទ្ធសភា, ក្រុមប្រឹក្សាឃុំ-សង្កាត់, ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលស្នើធ្វើវិសោធនកម្មដោយតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជានោះ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ និងពិភាក្សារួចរាល់ហើយនៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ។ ក្នុងសេចក្តីជូនព័ត៌មានដែលបញ្ជូនមកអង្គភាពព័ត៌មាន Fresh News ក្រោយបញ្ចប់កិច្ចប្រជុំភ្លាមៗនោះ ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តទាំង៤នេះ គឹត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ។

ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ទៀតថា សេចក្តីសម្រេចរបស់ខ្លួននេះ គឺជាសេចក្តីសម្រេចជាស្ថាពរ បិទផ្លូវតវ៉ា ហើយមានអនុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ចផងដែរ។

លោក ម៉េង ផល្លា អគ្គនាយកដ្ឋានរដ្ឋបាល-ហិរញ្ញកិច្ចនៃក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ក្រោយពិនិត្យសេចក្តីស្នើធ្វើវិសោធនកម្មច្បាប់ទាំង៤នេះ ត្រូវបានប្រគល់ជូនទៅរដ្ឋសភារួចរាល់ហើយ ដើម្បីរដ្ឋសភាបន្តនីតិវិធីសុំការឡាយព្រះហស្ថពីព្រះមហាក្សត្រខ្មែរ ដើម្បីដាក់ឲ្យប្រើប្រាស់។

សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មស្តីពីច្បាប់បោះឆ្នោត ដែលស្នើឡើងដោយតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាចំនួន ៤៩រូបនោះ គឺផ្តោតសំខាន់ទៅលើការបែងចែកអាសនៈ​ របស់គណបក្សនយោបាយណាមួយ ដែលត្រូវបានរំលាយចោល ឬបោះបង់អាសនៈចោល។

បើតាមខ្លឹមសារនៅក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា១៣៨-ស្ទួន បានកំណត់ថា៖ «ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់ចោលអសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្រ្តទាំងអស់ នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។ ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ទៅឱ្យគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្ត, ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ និងគណបក្សនយោបាយ មានអាសនៈក្នុងរដ្ឋសភា ដែលដឹកនាំដោយរាជរដ្ឋាភិបាល...»

ខ្លឹមសារនៅក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មាត្រា២០ថ្មី បានកំណត់ថា៖ «ក្នុងករណីគណបក្សនយោបាយណាមួយបោះបង់ចោលអាសនៈ ដែលខ្លួនទទួលបាន ឬត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះគណបក្សនយោបាយ ឬត្រូវបានរំលាយស្របតាមច្បាប់ស្តីពីគណបក្សនយោបាយបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ នៃគណបក្សនយោបាយនោះលែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។ ករណីនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបែងចែកអាសនៈ ដែលនៅទំនេរនោះទៅឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយផ្សេងទៀត ដែលបានចូលរួមក្នុងការបោះឆ្នោតឃុំ សង្កាត់ ក្នុងអំឡុងពេលយ៉ាងយូរ ១៤ថ្ងៃ។ គណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតអាចប្រកាសមិនទទួលយកអាសនៈរបស់គណបក្សនយោបាយណាមួយ ដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅឃុំ សង្កាត់ណាមួយ ឬមួយចំនួនដោយត្រូវធ្វើលិខិតជូនដំណឹងលាយលាក់អក្សរទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងអំឡុងពេលយ៉ាងយូរ៥ថ្ងៃ...»

ខ្លឹមសារនៅក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាត្រា ១៣ស្ទួន បានកំណត់ថា៖ «ក្នុងអាណត្តិក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់អាសនៈ ឬត្រូវបានលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវបានរំលាយស្របតាមច្បាប់ស្តីពីគណបក្សនយោបាយបញ្ជីបេក្ខជន និងសមាជិក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទាំងអស់ នៃគណបក្សនយោបាយនោះលែងមានសុពលភាពទៀតហើយ និងគុណសម្បត្តិតទៅទៀតហើយ។ ករណីនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបែងចែកអាសនៈដែលនៅទំនេរនោះទៅឲ្យបញ្ជីបេក្ខជនគណបក្សនយោបាយផ្សេងទៀត ដែលបានចូលរួមបោះឆ្នោតក្នុងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងអំឡុងពេលយ៉ាងយូរ ១៤ថ្ងៃ...»

បើតាមខ្លឹមសារនៃច្បាប់ដែលស្នើឲ្យធ្វើវិសោធនកម្មនេះ តំណាងរាស្រ្ត មេឃុំ ចៅសង្កាត់ ជំទប់ទី១ ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សសង្រ្គោះជាតិ អាចនឹងបាត់បង់តំណែងទាំងអស់។ បាត់បង់ក៏ដោយសារតែគណបក្សប្រឆាំងនៅកម្ពុជាមួយនេះ កំពុងរងការប្តឹងឲ្យរំលាយចោលក្រោមការចោទប្រកាន់ពីបទក្បត់ជាតិពីសំណាក់ក្រសួងមហាផ្ទៃ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងដោយបង្ហាញជំនឿចិត្តរហូតដល់៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយចោល។ សម្តេចក៏បានប្រកាសស្វាគមន៍ផងដែរ ចំពោះការចូលរួមជីវភាពនយោបាយរបស់តំណាងរាស្រ្ត ឬចៅសង្កាត់ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សសង្រ្គោះជាតិ។

សម្តេចប្រមុខគណបក្សកាន់អំណាច បានប្រកាសរក្សាតំណែងចៅសង្កាត់ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្ស សង្រ្គោះជាតិឲ្យនៅដដែល ប្រសិនបើពួកគេព្រមមករួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា៕