(ភ្នំពេញ)៖ ក្រុមបាល់ទាត់សាកលវិទ្យាល័យស្វាយរៀង បានគ្រងជើងឯកពានរង្វាន់ កីឡាបាល់ទាត់និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំសិក្សា២០១៦-២០១៧ ដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡាជាលើកទី១ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ដោយចំណាយពេលវេលាដំណើរការប្រកួតអស់រយៈពេល១០ថ្ងៃ។
ក្រុមបាល់ទាត់ដែលមកពីបណ្តា សាកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជា ចូលរួមក្នុងព្រឹត្តការណ៍នេះ មានចំនួន១៤ក្រុម បែងចែកចេញជា៤ពូល ដោយក្នុង២ពូលមាន៣ក្រុម និង២ពូលទៀតមាន៤ក្រុម ធ្វើការប្រកួតសន្សំពិន្ទុក្នុងពូល រហូតរកឃើញក្រុមឡើង ទៅវគ្គខ្វែងបន្ត រហូតដល់វគ្គផ្តាច់ព្រ័ត្រ។
ក្នុងនោះក្រុមបាល់ទាត់សាកលវិទ្យាល័យស្វាយរៀង ដែលមានការយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រដោយ លោក ឌី វិជ្ជា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យស្វាយរៀង បានធ្វើការប្រកួតដោយទទួល បានលទ្ធផលជ័យជំនះ ចាប់ពីប្រកួតដំបូងរហូតដល់ប្រកួតវគ្គផ្តាច់ព្រ័ត្រ គឺបានយកឈ្នះក្រុមបាល់ទាត់ វិទ្យាស្ថានបច្ចេកទេស ដោយលលទ្ធផល៤ទល់នឹង១ ដែលធ្វើការប្រកួតចាប់ពីម៉ោង៧៖៣០នាទី រហូតដល់ម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅទីលានបាល់ទាត់វិទ្យាល័យច្បាអំពៅ។
នៅក្នុងការប្រកួតនេះក៏មានវត្តមាន លោក ឌី វិជ្ជា ចូលរួមផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់មន្ត្រី និងកីឡាករក្រុមសាកលវិទ្យាល័យស្វាយរៀងផងដែរ។
ក្រុមបាល់ទាត់សាកលវិទ្យាល័យស្វាយរៀង បានជ័យលាភីលេខ១ ក្នុងពានរង្វាន់និស្សិតឧត្តមសិក្សាទូទាំងប្រទេស ជាលើកទី១ហើយ ដែលកាលពីឆ្នាំសិក្សាមុនៗ បានត្រឹមចំណាត់ថ្នាក់លេខ៣ និងលេខ២ប៉ុណ្នោះ។
ទាំងអស់នេះស្តែងបញ្ជាក់ឲ្យឃើញថា វិស័យកីឡាបាល់ទាត់ ក្នុងខេត្តស្វាយរៀងនាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនជាលំដាប់ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំវ័យក្មេង លោក ឌី វិជ្ជា និងមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដែលលោកមានស្រុកកំណើតនៅក្នុងខេត្តស្វាយរៀងនេះ៕