(ព្រះសីហនុ)៖ កម្លាំងផែនអន្តោប្រវេសន៍ សហការជាមួយកម្លាំងការិយាល័យកណ្តាលសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចបើកលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ីនធឺណេត (Online Gambling) ក្នុងបុរីBS ស្ថិតក្នុងភូមិ៥ សង្កាត់៤ (អូរ៥) ក្រុងព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ ឃាត់ខ្លួនជនជាតិចិន៩នាក់ ស្រីម្នាក់ និងដកហូតវត្ថុតាងជាក់ស្តែងរួមមាន កុំព្យូរទ័រ Laptop ចំនួន៨គ្រឿង, កុំព្យូទ័រ Desktop ចំនួន២គ្រឿង, ទូរស័ព្ទដៃចំនួន៩គ្រឿង, កាតធនាគារ ចំនួន២៦សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិចិន ចំនួន១០សន្លឹក, ម៉ាស៊ីនបាញ់លុយចំនួន ៧គ្រឿង, Flash ឯកសារចំនួន១គ្រឿង និងលិខិតឆ្លងដែន ចំនួន១០ក្បាល។
ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញ បាននាំខ្លួនពួកគេមកផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕