(ភ្នំពេញ)៖ ពេលមួយរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ដឹកនាំផ្ទាល់ដោយលោក ចាប ឌីណា នាយករដ្ឋបាលសាលាខណ្ឌ បានបន្តយុទ្ធនាការ ចុះបង្ក្រាបល្បែងហ្គេម ដែលមានទីតាំងភូមិ២និងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ជាប់ថ្នល់រថភ្លើង ក្រោយវត្តនាគវ័ន្ត)។
លោក ចាប ឌីណា ដែលកំពុងដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងហ្គេមទាំងនេះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជាលទ្ធផលកម្លាំងប្រតិបត្តិការបានដកហូត ហ្គេមបាញ់ត្រីចំនួន២គ្រឿង និងទូរហ្គេមបៀរចំនួន១១ទូរ។
នាយករដ្ឋបាលសាលាខណ្ឌដូនពេញរូបនេះ បានបន្តទៀតថា ប្រតិបត្តិការខាងលើនេះបានធ្វើឡើង បន្ទាប់ពីមានការណែនាំពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ ធ្វើយ៉ាងណាត្រូវលុបបំបាត់រាល់ទីតាំងហ្គេមខុសច្បាប់ទាំងនេះចេញ ពីមូលដ្ឋានដែលនាំឲ្យកើតមានអំពើល្មើសមួយចំនួន។
ជាមួយគ្នានេះ លោក ចាប ឌីណា បានថ្លែងបញ្ជាក់ថា «ក្នុងនាមអាជ្ញាធរ យើងខ្ញុំសូមគោរពថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋល្អ ដែលតែងតែបានផ្តល់កិច្ចសហការ និងផ្តល់ព័ត៌មានដល់កំលាំងយើងខ្ញុំ»។
បើតាមនាយករដ្ឋបាលសាលាខណ្ឌ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នឹងបន្តឲ្យចុះបង្ក្រាបកន្លែងហ្គេមផ្សេងទៀត ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្ប្របីជាប្រយោជន៍ ជូនមហាជន ក៏ដូចជាប្រជាពលរដ្ឋមូលដ្ឋាន៕