(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យដំណើរការសាកល្បង ការប្រើប្រាស់ប្រព័ន្ធ Cambodian Shared Switch (CSS) ដែលប្រព័ន្ធនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ប័ណ្ណឥណពន្ធ (ATM) អាចដកប្រាក់ និងទូទាត់ប្រាក់នៅលើម៉ាស៊ីន ATM របស់ធនាគារផ្សេងៗបានដោយសេរី។ ប៉ុន្តែស្រម្រាប់ដំណើរការជាលើកដំបូងនេះ មានធនាគារចំនួនបីប៉ុណ្ណោះ។
ធនាគារទាំង៣នោះរួមមាន៖ ធនាគារអេស៊ីលីដា ធនាគារស្ថាបនា និងគ្រឹះស្ថានមីក្រូហិវញ្ញវត្ថុ ដូច្នេះរាល់អតិថិជនដែលបានប្រតិបត្តិការជាមួយគ្រឹះស្ថានធនាគារទាំងបីនេះ អាចដកប្រាក់ក្នុងម៉ាស៊ីន ATM មួយណាក៏បាន។
ការដាក់ឲ្យដំណើរការប្រព័ន្ធ CSS នោះត្រូវបានធនាគារជាតិនៃកម្ពុជា អះអាងថា ធ្វើឡើងក្នុងគោលបំណង ធ្វើទំនើបកម្មប្រព័ន្ធទូទាត់ កាត់បន្ថយចរាចរសាច់ប្រាក់លើទីផ្សារ លើកកម្ពស់ប្រសិទ្ធភាពសេវាទូទាត់នៅកម្ពុជាឲ្យកាន់តែប្រសើរឡើង និងជំរុញប្រតិបត្តិការអន្ដរធនាគារ ឲ្យកាន់តែទូលំទូលាយ តាមរយៈការផ្ដល់មធ្យោបាយធ្វើប្រតិបត្តិការបន្ថែម ទៀតសម្រាប់អតិថិជន។
បន្ទាប់ពីការដាក់ឲ្យដំណើរការសាកល្បងនេះបានជោគជ័យ អតិថិជនទាំងអស់អាចប្រើម៉ាស៊ីន ATM ឬ POS បានកាន់តែទូលំទូលាយថែមទៀត ព្រោះក្រៅពីគ្រឹះស្ថានស្ថាបនិកទាំងបីខាងលើ នៅមានគ្រឹះស្ថានធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលបានប្រាក់បញ្ញើផ្សេងទៀត បាននិងកំពុងដាក់ពាក្យសុំចូលជាសមាជិកប្រព័ន្ធ៕