Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បន្តចុះចូលទៀតហើយ ! សមាជិកក្រុមប្រឹក្សាក្រុងដូនកែវ ខេត្តតាកែវ នៃគណបក្សសង្គ្រោះជាតិ សុំចូលរួមរស់ជាមួយបក្សប្រជាជនកម្ពុជា ហើយហៅលោក កឹម សុខា ជាជនក្បត់ជាតិ

24-10-2017 18:10

(ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សាក្រុងដូនកែវ ខេត្តតាកែវ នៃគណបក្សសង្គ្រោះជាតិ លោក យាន វ៉ាន់ដេត បានដាក់លិខិតសុំចូលរួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីអស់ជំនឿទៅលើ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលសុខចិត្តឱនក្បាលបម្រើបរទេស ដើម្បីតែអំណាចមិនគិតពីមហន្ដរាយជាតិមាតុភូមិ ដែលនេះគឺជាអំពើក្បត់ជាតិ។

នៅក្នុងលិខិតរបស់លោក យាន វ៉ាន់ដេត ផ្ញើសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា បន្ទាប់ពីបានដឹងថា លោក កឹម សុខា ជាជនក្បត់ជាតិ និងឃុបឃិតជាមួយបរទេស ខ្ញុំបានសូមសម្តេចមេត្តាអនុញ្ញាតឲ្យខ្ញុំបាទ បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយក្តីអនុគ្រោះបំផុត»

នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសន៍ពិសេសមួយ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ «សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ស្វាគមន៍ទាំងអស់ចំពោះការចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជា និងសូមអំពាវនាវបន្តទៀត ប្រសិនបើតំណាងរាស្រ្ត មេឃុំ ចៅសង្កាត់ ឬសមាជិកគណបក្សសង្រ្គោះជាតិ ដែលមានបំណងចុះចូល គឺគណបក្សប្រជាជនកម្ពុជាស្វាគមន៍ទាំងអស់ និងបន្តរក្សាតំណែង តួនាទីជូនដល់មេឃុំ ចៅសង្កាត់ ឬជំទប់ដែលបានចុះចូល»

នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុ​ន សែន បានប្រកាសក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករ និយោជិត ជាង៤ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ ឲ្យដឹងថា នៅពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង ៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕