(ភ្នំពេញ)៖ រថយន្តសម្អាតផ្លូវធុនធ្ងន់ទាំងពីរគ្រឿងរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមសម្អាតវិថីនានាក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ។

យុទ្ធនាការសម្អាតផ្លូវនេះ ត្រូវបានធ្វើឡើង ដោយសហការជាមួយសាលារាជធានីភ្នំពេញ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិពីគ្រប់ខេត្តក្រុង ដែលនឹងមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទុក។

លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «ការចូលរួមបន្តិចបន្តួចក្នុងការសម្អាតទីក្រុងនេះ នឹងជួយឲ្យបរិស្ថានទីក្រុងភ្នំពេញយើងល្អប្រសើរជាងមុន ហើយខ្ញុំសង្ឃឹមថា ការចូលរួមនេះនឹងក្លាយជាគំរូល្អសម្រាប់ក្រុមហ៊ុនក្នុងសុ្រកផ្សេងៗទៀត ក្នុងការចូលរួមក្នុងកិច្ចការបរិស្ថាន»

ក្រៅពីជួយសម្អាតទីក្រុង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភធុងសម្រាមចំនួន១,០០០ធុង ជូនសាលារាជធានីភ្នំពេញ ដើម្បីដាក់ពង្រាយ នៅតាមសូនច្បារសាធារណៈ ក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ក្រុមហ៊ុន ក៏បានប្រកាសឧបត្ថម្ភ មួក អាវយឺត និងទឹកផ្លែឈើ Joop ជូនកីឡាករអុំទូកទាំងអស់ផងដែរ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោតBarrley Black Extra Stout ស្រាបៀរKudo ភេសជ្ជៈIze ទឹកផ្លែឈើJoop ភេសជ្ជៈប៉ូវកម្លាំងWurkz និងទឹកសុទ្ធកម្ពុជា៕