(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសាជីវកម្មទូរគមនាគមន៍កូរ៉េខាងត្បូងផ្តល់កិច្ចសហការធ្វើឲ្យប្រព័ន្ធ អ៉ិនធើណេតនៅក្នុងប្រទេសកម្ពុជាមានល្បឿនកាន់តែលឿន។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យលោក វ៉ាង ចាំងយូ ប្រធានក្រុមប្រឹក្សាភិបាលសាជីវកម្មទូរគមនាគមន៍កូរ៉េខាងត្បូងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពនារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ។

ក្រៅពីការស្នើឲ្យជួយធ្វើឲ្យល្បឿនអ៉ិនធើណេតកាន់តែលឿនហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យសាជីវកម្មទូរគមនាគមន៍កូរ៉េខាងត្បូង ជួយពង្រឹងសមត្ថភាព និងបន្តបំពាក់ឧបករណ៍សម្ភារៈផ្សេងៗ ធ្វើយ៉ាងណាឲ្យបណ្តាញទូរគមនាគមន៍នេះ អាចប្រើប្រាស់បម្រើផលប្រយោជន៍ឲ្យសេដ្ឋកិច្ចជាតិ ក៏ដូចជាវិស័យផ្សេងៗទៀត រួមទាំងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្បុជាផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួប។

ដោយសារឆ្នាំ២០១៧នេះ ជាខួបលើកទី២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងក្រកម្ពុជា និងកូរ៉េខាងត្បូងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញប្រទេសទាំងពីរឲ្យបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យាទូរគមនាគមន៍ (ICT) រវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ។

ក្នុងជំនួបនោះ លោក វ៉ាង ចាំងយូ ក៏បានជម្រាបសម្តេចតេជោ ហ៊ុន សែន ពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសាជីវកម្មទូរគមនាគមន៍កូរ៉េខាងត្បូង ជាមួយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជា ដើម្បីពង្រឹងការងារមួយចំនួនពាក់ព័ន្ធ ICT នៅប្រទេសកម្ពុជា ដែលត្រូវបានចាត់ទុកជាផ្នែកមួយយ៉ាងសំខាន់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន វិស័យអប់រំ និងទំនាក់ទំនងសង្គម។

លោក វ៉ាង ចាំយូ ក៏បានរំលឹកផងដែរថា កន្លងមកមានការចុះអនុស្សារណៈយោគយល់គ្នារវាងកម្ពុជា និងកូរ៉េខាងត្បូងលើកិច្ចសហការលើប្រព័ន្ធទូរគមនាគមន៍ ដែលអនុស្សារណៈផ្តោតសំខាន់លើការកសាងសមត្ថភាពមន្ត្រីពាក់ព័ន្ធ មិនត្រឹមតែនៅក្នុងក្រសួងប្រៃសណីយ៍ទេ គឺមន្ត្រីផ្សេងទៀត ដែលប្រើប្រាស់បណ្តាញ ICT ផងដែរ៕