(ភ្នំពេញ)៖ បុរសជនជាតិចិន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍សង្កាត់ទួលស្វាយព្រៃទី១ និងកម្លាំងនគរបាលខណ្ឌ បង្ក្រាប ហើយឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ចាប់ចងជនជាតិចិនដូចគ្នាម្នាក់ ទៀតក្នុងបន្ទប់ អាផាត់មែន របស់ខ្លួនដើម្បីប៉ងប្លន់យកទ្រព្យសម្បត្តិ។

ករណីជនជាតិចិន២នាក់ ចាប់ចងជនជាតិចិនម្នាក់ទៀតនេះ ប៉ងប្លន់យកទ្រព្យសម្បត្តិ បានកើតឡើងនៅវេលាម៉ោងប្រមាណ៣៖៣០នាទីរសៀល នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ នៅចំណុចអាផាត់មែន សុខា ជាន់ទី១ បន្ទប់លេខ១០១ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ផ្លូវ៣១០ ខណ្ឌចំណការម៉ន រាជធានីភ្នំពេញ។

ភ្នាក់សារព័ត៌មាន Fresh News បានឲ្យដឹងថា មុនពេលកើតហេតុ ជនជាតិចិនទាំងពីរនាក់ ដែលស្នាក់នៅ អាផាត់មែនខាងលើ (កំពុងស្វែងរកអត្តសញ្ញាណ) បានទូរស័ព្ទហៅ ជនជាតិចិនម្នាក់ទៀត មកកាន់បន្ទប់របស់ខ្លួន បន្ទាប់ពីជនជាតិចិនម្នាក់ទៀតមកដល់ ក៏ចាប់ចងបង្ខាំងទុកតែម្តង តែដោយសារជនរងគ្រោះបានរើបំរាស់ និងស្រែករកការជួយអន្តរគមន៍រហូតសន្តិសុខរបស់ អាផាត់មែន សុខា បានឡើងទៅឃើញហេតុការណ៍ដូចនេះ ក៏បានរាយការណ៍ មកកាន់សមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី១ រហូតឈានដល់ការឃាត់ខ្លួនជនជាតិចិន ដែលជាជនសង្ស័យទាំងពីរនាក់ ព្រមទាំងជនរងគ្រោះមកកាន់ប៉ុស្តិ៍ទួលស្វាយព្រៃទី១ ដើម្បីសើបសួរ។

បើតាមមន្រ្តីនគរបាលខណ្ឌចំការមន បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ CHIOU YIH CHIUN អាយុ៥២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ស្នាក់នៅខុនដូរកោះពេជ មុខរបរទេសចរណ៍រងរបួសដាច់រយះបាតដៃស្តាំ។ ដោយឡែកជនល្មើសទាំង២នាក់រួមមាន៖ ឈ្មោះ លី ថាង អាយុ៣៩ឆ្នាំ ជនជាតិចិន មិនដឹងមុខរបរ ​និងឈ្មោះ ចង ខាយ អាយុ៣៧ឆ្នាំ ជនជាតិចិន មិនដឹងមុខរបរ។ តាមការសួចំលើយរបស់ជនរងគ្រោះ គឺបានបាត់បង់សំភារៈលុយចំនួនជាង៦០០០$ ប៉ុន្តែរកមិនទាន់ឃើញ។

ជំហ៊ានដំបូង សមត្ថកិច្ចបានដាក់ការសង្ស័យថា ជាអំពើចាប់ចំរិតហើយជនជាតិទាំង៣នាក់ អាចជាមិត្តភក្តិនឹងគ្នា។

បច្ចុប្បន្ន ករណីខាងលើនេះត្រូវបានលោក ហ៊ាង ថារ៉េត អធិការរងខណ្ឌចំការមន កំពុងធ្វើការសើបសួរដើម្បីបន្តនីតិវិធីច្បាប់៕