(រតនគិរី)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ មានករណីបង្កភាពភ្ញាក់ផ្អើលដោយប្រទះ ឃើញសពយុវតីដ៏ស្រស់ស្អាតម្នាក់ ជាជនជាតិទំពួន រៀនថ្នាក់ទី១១ នៅវិទ្យល័យសម្តេចឪ សម្តេចម៉ែ ក្រុងបានលុង ត្រូវជនមិនស្គាល់មុខចាប់រំលោភ រួចហើយមួល-ក សម្លាប់យ៉ាងព្រៃផ្សៃបមផុត នៅក្នុងចម្ការដំឡូងមីមួយកន្លែង ក្បែរផ្លូវក្រាលគ្រួសក្រហមប្រហែល១០មែត្រ ស្ថិតនៅចំណុចក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
ក្រោយពីមានការភ្ញាក់ផ្អើល ត្រូវសមត្ថកិច្ចរួមមាន៖ កម្លាំងនគរបាលការិយាល័យវិទ្យាសាស្ត្រ និងបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្ត មន្ត្រីអាវុធហត្ថស្រុក ខេត្ត និងមន្ត្រីមន្ទីរពេទ្យបង្អែកខេត្ត ចុះធ្វើកោសល្យវិច្ច័យ ចុះទៅពិនិត្យនៅកន្លែងកើតហេតុ និងសាកសព។ បើតាមមន្រ្តីនគរបាល ជនរងគ្រោះមានឈ្មោះ កេល លាភ អាយុ១៨ឆ្នាំ ជនជាតិទំពួន រៀនថ្នាក់ទី១១ នៅសាលាវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ទីរួមក្រុងបានលុង រស់នៅភូមិ ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចជំនាញ បានបន្តថា នៅលើដងខ្លួនសាកសពមើលឃើញ មានស្នាមរបួសមួលបំបាក់-ក និងស្នាមរយះក្បាល និងបែកជង្គុងទាំងសងខាង និងប្រដាប់ភេទរបួសយ៉ាងដំណំ ហើយតាមការប៉ាន់ស្មានរបស់សមត្ថកិច្ច ជនរងគ្រោះមុនពេលសម្លាប់ គឺជនល្មើសបានច្របាច់ក រួចមួលកបន្ថែម ហើយជនសង្ស័យមិនមែនម្នាក់ឯងនោះទេ ចាប់ពីរពីរនាក់ឡើងទៅ។ បច្ចុប្បន្នសាកសពបានប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក សមត្ថកិច្ចកំពុងស្វែងរកមុខឃាតករឲ្យខានតែបាន។
ជុំវិញព័ត៌មាននេះ ត្រូវបានឪពុកម្តាយជនរងគ្រោះ ដែលមានឈ្មោះ ខាំ ឡាកេល អាយុ៥២ឆ្នាំ ជាឪពុក និងម្តាយមានឈ្មោះ តក់ ដូច អាយុ៥០ឆ្នាំ បានរៀបរាប់ថា កូនគាត់ស្លាប់ជាកូនទី៦ «កូនពៅ» នៅថ្ងៃអាទិត្យទី២២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក កូនស្រីរបស់គាត់ដែលជានារីរងគ្រោះនេះ បានសុំឪពុកម្តាយមកទីរួមខេត្តរតនគិរី ជិះម៉ូតូម៉ាកសង់ C125 ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1C-4009 ជិះម្នាក់ឯង ដោយប្រាប់ឪពុកម្តាយថា មកកម្មវិធីនៅភោជនីយដ្ឋានរតនលីនា ទល់មុខសាលាវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ដើម្បីមករាំរបាំប្រពៃណីជនជាតិទំពួន ឲ្យអង្គការមីឌីវ័ន្ត នាថ្ងៃអាទិត្យនោះដែរ ដល់ម៉ោង៧យប់ ឪពុកម្តាយបានទូរស័ព្ទទៅរកកូនជាច្រើនដង តែគ្មានអ្នកទទួលទើបនៅនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក ម្ចាស់ចម្ការឈ្មោះ សួង សុខលី ឃើញម៉ូតូជនរងគ្រោះឃ្លាតពីសាកសព២០ម៉ែត្រ ហើយដើរទៅមុខឃើញសពនារីរងគ្រោះ និងមានការភ្ញាក់ផ្អើរដល់ក្រុមគ្រួសារនិងសមត្ថកិច្ច។
ប្រភពព័ត៌មានពីឈ្មោះ ថង សៃ ភេទស្រី អាយុ២០ឆ្នាំ មុខរបរ សិស្សរៀនជាមួយគ្នា និងធ្វើការអង្គការមីឌីវ័ន្ត បានឲ្យអ្នកសារព័ត៌មានដឹងថា នៅថ្ងៃអាទិត្យទី២២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១ថ្ងៃត្រង់ អង្គការខាងលើបានរៀបចំកម្មវិធីមួយ ដែលមានឈ្មោះធម្មជាតិរបស់អ្នក ហើយបានអញ្ចើញនារីរងគ្រោះមករាំល្បាំជនជាតិទំពួនដល់ម៉ោង១២ចប់កម្មវិធីនារីរងគ្រោះឈ្មោះ កេល លាភ នៅហូបបាយរួមគ្នាជាមួយមិត្តភក្តិជាច្រើនទៀត រហូតដល់ម៉ោង៣រសៀល ទើបបែកគ្នាអស់ ហើយមិត្តភក្តិមិនដឹងនារីរងគ្រោះទៅណាខ្លះទេ ទើបមកដល់ថ្ងៃនឹងមានការភ្ញាក់ផ្អើលដឹងថា នារីរងគ្រោះត្រូវគេរំលោភសម្លាប់៕