(ភ្នំពេញ)៖ ទីបំផុតទៅ! នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ មេធារីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ពាក្យបណ្តឹងផ្លូវការ ប្តឹងលោក លឺ ឡាយស្រេង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដោយស្នើឲ្យផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ចំនួន៥០០លានរៀល (ប្រមាណ១២៥,០០០ដុល្លារ) ដល់ដើមបណ្តឹង។   

ការដាក់ពាក្យបណ្តឹងរបស់លោក គី តិច ធ្វើឡើងបន្ទាប់ពីលោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណៈបក្សហ៊្វុនស៊ិនប៉ិច ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ុន បានសន្ទនាឆ្លើយឆ្លងគ្នា ដែលក្រៅពីប្រមាថព្រះចេស្តា យ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ និងសម្តេចក្រុមព្រះហើយនោះ ថែមទាំងនិយាយធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិស័ព្ទ យ៉ាងធ្ងន់ធ្ងរ ដល់ប្រមុខដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ ដែលត្រូវបានយកទៅផ្សព្វផ្សាយ ជាសាធារណៈយ៉ាងទូលំទូលាយ។

ពាក្យបណ្តឹងរបស់លោក គី តិច ប្តឹងលោក លឺ ឡាយស្រេង បានសុំឲ្យព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ៖
១៖ សុំឲ្យអយ្យការ និងសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ និងផ្តន្ទាទោស លើឈ្មោះ លឺ ឡាយ ស្រេង តាមច្បាប់។
២៖ ទាមទារឲ្យឈ្មោះ លឺ ឡាយស្រេង សងសំណងជំងឺចិត្តចំនួន ៥០០លានរៀល ដល់ដើមបណ្តឹងរដ្ឋប្បវេណី។
៣៖​ សុំឲ្យតុលាការប្រកាសផ្តន្ទាទោសបន្ថែម ផ្អែកតាមមាត្រា៣១០ នៃក្រមព្រហ្មទណ្ឌ។

កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយតំណាងកម្មករ ដែលជាប្រធានក្រុម ប្រធានផ្នែក រដ្ឋបាល និងជំនួយការសរុបប្រមាណ ៤,០០០នាក់ មកពីរោងចក្រចំនួន១១ ដែលកិច្ចសំណេះសំណាលនេះ ​ធ្វើនៅសាលមហោស្រពកោះពេជ្រ នាយករដ្ឋមន្ដ្រីនៃកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងប្ដឹងលោក លឺ ឡាយស្រេង ដែលនិយាយ​បានប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ នរោត្តម សីហមុនី ទៅជាមាន់គ្រៀវ ដែលនេះធ្វើឲ្យសម្ដេចមិនអាចទទួលយកបាននោះទេ។ ទន្ទឹមនឹងការប្រកាសប្ដឹងរឿងប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រនេះ សម្ដេចតេជោ ហ៊ុន សែន​ បញ្ជាក់ថា សម្ដេចក៏នឹងប្ដឹងមួយករណីទៀត ដែលលោក លឺ ឡាយស្រេង បាននិយាយបរិហាកេរ្ដិ៍សម្ដេចថា ឲ្យមន្ដ្រីគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ដំបូងខ្ញុំចង់និយាយពីលោក លឺ ឡាយស្រេង បន្ដិច​ឯកឧត្តម ហួសហេតុពេកហើយ ការប្រមាថចំពោះព្រះមហាក្សត្រ ប្រៀបព្រះអង្គទៅជាមាន់គ្រៀង គឺជារឿង​ធ្ងន់ធ្ងរពេកហើយ ជាការប្រមាថធ្ងន់ធ្ងរណាស់ លោកជំទាវ គី លំអង មិនបាច់ព្រួយទេ គឺ លឺ ឡាយស្រេង [...] ខ្ញុំក៏កំពុងពិនិត្យថាតើប្ដឹង ឬមិនប្ដឹង ប៉ុន្ដែលទ្ធភាពភាគច្រើនខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង ដោយបានចោទខ្ញុំថាបានគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ ​ចឹងក្រៅពីសម្ដេចក្រុមព្រះប្ដឹង ខ្ញុំនូវមានលទ្ធភាពប្ដឹង លឺ ឡាយស្រេង [...] ចឹងសូមមេធាវីរបស់ខ្ញុំរៀបចំពិនិត្យមើល ខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង»

កាលពីម្សិលមិញមន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា លោក លឺ ឡាយស្រេង បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកកហើយ នៅវេលាម៉ោង៦៖១០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ តាមជើងហោះហើរ Bangkok Air PG 938៕