(ភ្នំពេញ)៖ ក្រុមហ៊ុន Procast Asia co.,Ltd ដែលជាក្រុមហ៊ុនធំមួយ មកពីខេត្តណាគូយ៉ា ប្រទេសជប៉ុន បានបណ្ដាក់ទុនវិនិយោគប្រមាណ៣លានដុល្លារអាមេរិក បង្កើតសាកលវិទ្យាល័យថ្មីមួយនៅកម្ពុជា ដើម្បីបណ្ដុះបណ្ដាលជំនាញថែទាំសុខភាពមនុស្សចាស់ និងជំនាញមួយចំនួនទៀតដល់ធនធានមនុស្សកម្ពុជា ខណៈការសាងសង់អគារសាកលវិទ្យាល័យនេះ សម្រេចជិតបាន១០០%ហើយ ស្ថិតនៅតំបន់ខាំកូស៊ីធី ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ការវិនិយោគលើវិស័យអប់រំបណ្ដុះបណ្ដាលជំនាញថ្មីនេះ ត្រូវបានបញ្ជាក់ឡើងក្រោយបញ្ចប់កិច្ចពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Yoshio Kondo នាយកក្រុមហ៊ុន Procast Asia Co.,Ltd និងជាអ្នកដឹកនាំគណៈប្រតិភូសមាគម Toukaizaikai ដែលជាសមាគមធំមួយ បណ្ដុំទៅដោយក្រុមហ៊ុនឧស្សាហកម្ម សេវាកម្ម វេជ្ជសាស្ត្រ ហិរញ្ញវត្ថុជាដើម សរុបជាង៣០០ក្រុមហ៊ុនជាសមាជិក​ មកពីខេត្តណាគូយ៉ា ប្រទេសជប៉ុន នាថ្ងៃទី២៤ ខែតុលានេះ នៅទីស្ដីការក្រសួងការងារ ដើម្បីស្វែងយល់ពីភាពអនុគ្រោះ និងលក្ខខណ្ឌការងារដែលពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា។

ក្រោយបញ្ចប់កិច្ចប្រជុំ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានឲ្យដឹងថា នៅពេលខាងមុខនេះ ក្រុមហ៊ុន Procast Asia នឹងពង្រីកគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ដែលអាចផ្ដល់នូវកាលានុវឌ្ឍភាពបន្ថែម សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាការបង្កើតនូវឱកាសការងារថ្មីៗជូនដល់ប្រជាពលរដ្ឋកម្ពុជា។

លោករដ្ឋមន្ត្រីបានជូនដំណឹងទៅប្រតិភូក្រុមហ៊ុន Procast Asia នូវព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងភាពអនុគ្រោះ និងលក្ខខណ្ឌការងារ ក៏ដូចជាភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន ពិសេសកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន ក្នុងដំណាក់កាលបច្ចុប្បន្ននេះ លើសពីនេះ គឺភាពរឹងមាំនៃសន្តិភាព និងស្ថិរភាពពេញប្រទេសកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ពួកគេមានទាំងខាងផ្នែកឧស្សាហកម្ម ខាងផ្នែកសេវាកម្ម ហើយមានទាំងផ្នែកវេជ្ជសាស្ត្រ ហិរញ្ញវត្ថុ និយាយរួម ជាសមាគមមួយនៅក្នុងខេត្តណាគូយ៉ា ប្រទេសជប៉ុន»

លោក Yoshio Kondo នាយកក្រុមហ៊ុន Procast Asia Co.,Ltd បានបញ្ជាក់ដែរថា ទៅថ្ងៃអនាគត ក្រុមហ៊ុនរបស់លោកនឹងពង្រីកវិនិយោគទុននៅប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន ក្រុមហ៊ុនរបស់លោកបាននិងកំពុងសាងសង់សាកលវិទ្យាល័យថ្មីមួយ ដើម្បីបណ្ដុះបណ្ដាលលើជំនាញថែទាំមនុស្សចាស់ជរា កសិកម្ម និងទេសចរណ៍ នៅតំបន់ខាំកូស៊ីធី ស្ថិតក្នុងខណ្ឌឫស្សីកែវ ដែលនឹងចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក ក្នុងនោះការសាងសង់អគារសាកលវិទ្យាល័យថ្មីនេះ សម្រេចជិតបាន១០០%ហើយ។

លោក Yoshio បានបន្តថា ក្រោយពេលបញ្ចប់ការសាងសង់អគារសិក្សាខាងលើហើយ ក្រុមហ៊ុននឹងដំណើរការប្រតិបត្តិការការងាររបស់ខ្លួន ចាប់ពីខែមេសា ឆ្នាំ២០១៨ ខាងមុខតទៅ ដែលវគ្គដំបូងសាកលវិទ្យាល័យនឹងទទួលសិស្សឲ្យចូលរៀនចំនួន ១០០នាក់ លើកដំបូង។

លោកប្រធានក្រុមហ៊ុនបានគូសបញ្ជាក់ថា ក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនេះហើយ និស្សិតអាចដាក់ពាក្យប្រឡងទៅធ្វើការនៅប្រទេសជប៉ុន លើជំនាញថែទាំសុខភាពមនុស្សចាស់នេះបាន ជាងនេះទៅទៀត ប្រជាពលរដ្ឋកម្ពុជានឹងមានការកើនឡើងនៃចំនួនមនុស្សចាស់ជរា នៅពេលខាងមុខ ដូច្នេះហើយនិស្សិតកម្ពុជាដែលជាធនធានមនុស្សថ្មី និងបានសិក្សាលើជំនាញថ្មីនេះ អាចស្វែងរកការងារធ្វើបានយ៉ាងងាយស្រួល៕