(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលនយោបាយ និងច្បាប់ប្រកួតប្រជែងនៅកម្ពុជា» ក្រោមគម្រោង អនុវត្តច្បាប់ប្រកួតប្រជែង ដោយមានការចូលពីលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក គឹម មាស សុខសីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម លោក ផាន់ អូន អគ្គនាយករងកាំកុងត្រូល និងលោកស្រី រ៉េន ឌឺ គ្រូឆី (Ms Rayne De Gruchy) នាយកប្រតិបត្តិ នៃគណៈកម្មាធិការប្រកួតប្រជែង និងអ្នកប្រើប្រាស់ ប្រទេសអូស្រា្តលី (Australian Competition and Consumer Commission – ACCC) ព្រមទាំងមានការចូលរួមពីអន្តរក្រសួងចំនួន១០ និងមានសិក្ខាកាមចូលរួមជាង ៥០នាក់ផងដែរ ។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សិក្ខាសាលានេះជាសិក្ខាសាលាថ្នាក់ជាតិលើកទី៣ ដែលត្រូវរៀបចំឡើងនៅកម្ពុជា ក្រោមគម្រោងកម្មវិធីអនុវត្តច្បាប់ប្រកួតប្រជែង នៅក្នុងអាស៊ាន (Competition Law Implementation Program - CLIP) ក្នុងគោលបំណងប្រមូលធាតុចូលចាំបាច់ៗនានាពីស្ថាប័នពាក់ព័ន្ធ សម្រាប់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ប្រកួតប្រជែង ដើម្បីធានាថាសេចក្តីព្រាងច្បាប់ដែលបានរៀបចំឡើងនេះ អនុលោមតាមបទបញ្ញត្តិជាតិ អន្តរជាតិ និងស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា។

លោកស្រីបន្ថែមថា ការរៀបចំឲ្យមានច្បាប់ប្រកួតប្រជែង គឺការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំអាស៊ានទាំងអស់សម្រាប់ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community - AEC)។ ដំណើរការតាក់តែងច្បាប់ប្រកួតប្រជែងនៅកម្ពុជា មានភាពយឺតយ៉ាវ បើបៀបធៀបជាមួយប្រទេស ជាសមាជិកអាស៊ានដ៏ទៃទៀត ដែលបច្ចុប្បន្នពួកគេបានអនុម័ត ច្បាប់ប្រកួតប្រជែងរួចរាល់ហើយ។

មូលហេតុមួយចំនួន ដែលបណ្តាលឲ្យមានការយឺតយ៉ាវនេះ រួមមាន៖ (១) ការផ្លាស់ប្តូរជំនាញការប្រកួតប្រជែង ដែលមកជួយកម្ពុជាក្នុងការរៀបចំសេចក្តីព្រាងច្បាប់ប្រកួតប្រជែង (២) ភាពស្មុគស្មាញនៃច្បាប់ប្រកួតប្រជែង និង (៣) ការធានាអនុលោមភាពនៃច្បាប់ប្រកួតប្រជែងនេះជាមួយបទបញ្ញត្តិជាតិនានា ។ សេចក្ដីព្រាងច្បាប់ប្រកួតប្រជែងកម្ពុជា បានកំពុងត្រួតពិនិត្យចុងក្រោយ ដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ហើយយើងរំពឹងថានឹងបញ្ជូនទៅទីស្ដីគណៈរដ្ឋមន្ដ្រី នាចុងឆ្នាំនេះផងដែរ ។ ច្បាប់ប្រកួតប្រជែងនេះ នឹងដោះស្រាយបញ្ហានានាពាក់ព័ន្ធដល់សកម្មភាពឃុបឃិតគ្នារវាងធុរកិច្ច ឬសកម្មភាពប្រើប្រាស់អំណាចដោយបំពានរបស់ធុរកិច្ចដែលមានអំណាចលើទីផ្សារ ព្រមទាំងរារាំងការរួមបញ្ចូលគ្នានៃធុរកិច្ច ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រកួតប្រជែងដែលអាចនាំទៅរកឯកាធិភាព។

លោកស្រី រ៉េន ឌឺ គ្រូឆី (Rayne De Gruchy) បានលើកឡើងថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន អូស្រ្តាលី ណូវេហ្សឡង់ (ASEAN-Australia-New Zealand Free Trade Agreement) គម្រោងកម្មវិធីអនុវត្តច្បាប់ប្រកួតប្រជែងនៅក្នុងអាស៊ាន (Competition Law Implementation Program in ASEAN - CLIP) ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយប្រទេសជាសមាជិកអាស៊ានទាំងអស់ក្នុងការរៀបចំនិងអនុវត្តច្បាប់ប្រកួតប្រជែងរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព ដែលជាលទ្ធផលចុងក្រោយនឹងពង្រឹងការអនុវត្តគោលនយោបាយនិងច្បាប់ប្រកួតប្រជែងក្នុងកម្រិតតំបន់អាស៊ានទាំងមូល។

លោកស្រី យល់ឃើញថា ប្រទេសកម្ពុជា បានរៀបចំសេចក្តីព្រាងប្រកួតប្រជែងរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ព្រោះថាក្នុងដំណើរការតាក់តែងនេះ ក្រសួងពាណិជ្ជកម្ម បានធ្វើកិច្ចពិគ្រោះយោបល់ជាច្រើនលើកច្រើនសារជាមួយភាគីពាក់ព័ន្ធ និងដោយមានការចូលរួមពីជំនាញការអន្តរជាតិផងដែរ។

លោកស្រី បានបន្តទៀតថា សេចក្តីព្រាងច្បាប់នេះ បានបញ្ចូលនូវធាតុចាំបាច់ជាមូលដ្ឋានសម្រាប់ការអនុវត្តច្បាប់ប្រកួតប្រជែងមួយ ស្របតាមបរិបទអន្តរជាតិ និងស្ថានភាពជាក់ស្តែងនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

ជាចុងក្រោយ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ បានប្រកាសបើកសិក្ខាសាលានេះ នឹងលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ខិតខំរៀនសូត្រពីបទពិសោធន៍ ជាក់ស្តែងពីអូស្រ្តាលី ពីវាគ្មិននិងជំនាញការប្រកួតប្រជែងអូស្ត្រាលី ហើយអាចផ្តល់មតិយោបល់ ជាធាតុចូលសម្រាប់សេចក្តីព្រាងច្បាប់ សំដៅធានាការអនុវតច្បាប់នេះ ប្រកបដោយប្រសិទ្ធិភាព នាពេលអនាគត ៕