(ភ្នំពេញ)៖ បន្ទាប់ពីមានការរិះគន់ថា មានមន្ដ្រីនគរបាលចរាចរណ៍ និងកម្លាំងសណ្ដាប់ធ្នាប់ ត្រូវបានចាត់ឲ្យទៅឈរជើង នៅចំណុចចូលស្ពានព្រែកព្នៅ រហូតមានការយកប្រាក់ពីរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញនោះ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ តាមរយៈអង្គភាពព័ត៌មាន Fresh News បានចេញមកបញ្ជាក់ពីហេតុផលថា ការដាក់កម្លាំងនេះ ដើម្បីជួយបញ្ជៀសចរាចរណ៍​មិនឲ្យរថយន្ដធំៗ រថយន្តដឹកទំនិញ និងរថយន្តប្រភេទ១២កៅអី ចូលក្រុង តាមស្ពានជ្រោយចង្វារ ដោយសារតែពេលនេះ ស្ពានជ្រោយចង្វារចាស់ ត្រូវបានដាក់ឲ្យជួសជុល ដោយអនុញ្ញាតឲ្យឆ្លងកាត់តែស្ពានជ្រោយចង្វារថ្មីតែមួយ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា តាមគោលការណ៍ណែនាំនោះ គឺមិនត្រូវឲ្យយកលុយពីរថយន្តរបស់ប្រជាពលរដ្ឋ ដែលធ្វើដំ​ណើរឆ្លងកាត់គោលដៅនោះឡើយ នាំឲ្យប៉ះពាក់ដល់សតិអារម្មណ៍ ហើយព្រមានចាត់វិធានការបើសិនមានមន្រ្តីណាមា្នក់ បានប្រព្រឹត្តនូវទង្វើបែបនេះ។

លោកអភិបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា «ការដែលលោកដាក់កម្លាំងនគរបាលចរាចរណ៍មួយចំនួនរបស់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌនេះ គឺមានគោលការណ៍ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីបញ្ជៀសចរាចរណ៍មិនឲ្យរថយន្ដដឹកទំនិញធំៗ ចូលរាជធានីភ្នំពេញ តាមស្ពានជ្រោយចង្វារនោះទេ ព្រោះខ្លាចក្រែងមានការកកស្ទះកាន់តែខ្លាំង ដោយសារស្ពានកំពុងជួសជុលឡើងវិញ»

មួយវិញទៀត ចំពោះករណីដែលថា មន្ដ្រីនៅគោលដៅស្ពានលីយ៉ុងផាត់នេះយកលុយ លោក ឃ្លាំង ហួត ក៏ទទួលស្គាល់ថា នៅតែអាចមានមន្រ្តីខ្លះលួចធ្វើបែបនេះ ខុសពីគោលការណ៍ណែនាំពីថ្នាក់ដឹកនាំ តែយើងនឹងតាមដាន ហើយដាក់បញ្ជាជាថ្មីដាច់ខាត មិនឲ្យយកលុយពីពលរដ្ឋអ្នកធ្វើដំណើរនោះទេ។

ការចេញមកបកស្រាយ អភិបាលខណ្ឌជ្រោយចង្វារនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ថា ក្រោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានទិញស្ពានព្រែកព្នៅ មកគ្រប់គ្រងវិញ ដោយអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរមិនបាច់បង់ប្រាក់នោះទេ បែរជាលេចមុខមន្ដ្រីនគរបាលចរាចរ និងឯកសណ្ឋានមន្ត្រីសណ្ដាប់ធ្នាប់ ចុះទៅឈរជើងនៅចំណុចផ្លូវស្ពានលីយ៉ុងផាត់ កែងផ្លូវជាតិលេខ៦អា ដោយដាក់ឆ័ត្រដាក់បារ៉ាស់ នៅចំណុចកាច់ជ្រុងមុខការ៉ាស់សាំង លីម ឡុង ចាំឃាត់រថយន្តធំៗឃាត់រថយន្ត ដឹកទំនិញដែលបើកចេញ ចូលផ្លូវស្ពានលីយ៉ុងផាត់នេះយកលុយទាំងយប់ ទាំងថ្ងៃទៅវិញ៕