(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ក្រោយទទួលបានការណែនាំពីអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដើម្បីអនុញាតឲ្យលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ដើម្បីដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចម្រុះ ចុះប្រតិបត្តិការលបឆ្មក់បង្ក្រាបទីតាំងបនល្បែង ដុះស្លែមួយកន្លែង ដកហូតបានទូហ្គេមបាញ់ ត្រី២គ្រឿង និងឃាត់ខ្លួនអ្នកញៀនល្បែងប្រុសស្រី៣នាក់ យកមកអប់រំ នៅវេលាម៉ោង១១ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ មានទីតាំងនៅត្រង់ ចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ជា ពិសី បានប្រកាសចាត់វិធានការក្ដៅ ក្នុងការបង្កាបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនូវទូទាំងខណ្ឌ ក្រោយពីទទួលបានសំណូមពរជាបន្តបន្ទាប់ ពីសំណាក់ប្រជាពលរដ្ឋដើម្បីឲ្យអាជ្ញាធរជួយសហការបង្ក្រាប ទីតាំងបនល្បែងហ្គេមបាញ់ត្រី។

លោក ជា ពិសី បានបន្តថា ចំពោះវិធានការបង្ក្រាប និងត្រូវអនុវត្តជាបន្តបន្ទាប់ដែលបច្ចុប្បន្នចំពោះទីតាំងបនល្បែងកំពុងលួចលាក់បើកល្បែង ហ្គេមបាញ់ត្រី ឬត្រៀមលក្ខណៈបើកល្បែងភ្នាល់ស៊ីសងដែលជ្រកក្រោមស្លាកយីហាមានច្បាប់ គ្រប់ប្រភេទត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះទេប្រាកដជាប្រឈម និងវិធានបង្ក្រាបដោយមិនអាចលើកលែងបានឡើយដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពតាមសេចក្ដីណែនាំ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ «ស្តីពីវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់» នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦កន្លងទៅថា នៅកម្ពុជា ល្បែងស៊ីសងមាន២សណ្ឋានរួមមាន៖ ល្បែងស៊ីសងស្របច្បាប់ និងល្បែងស៊ីសងមិនស្របច្បាប់។ ដូចនេះមន្ត្រីកងកំលាំងមានសមត្ថកិច្ចទាំងអស់ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រោយពីបង្ក្រាបក្រុមអ្នកញៀនល្បែងទាំង៣នាក់ បាននឹងកំពុងសាកសួរបណ្ដោះអាសន្ន និងណែនាំអប់រំដើម្បីអនុញាតឲ្យត្រឡប់ទៅផ្ទះវិញ តែចំពោះទូហ្គេមបាញ់ត្រីចំនួន២គ្រឿង ត្រូវបានដកហូតយកមករក្សាទុកនៅសាលាខណ្ឌឫស្សីកែវ និងបិទទាំងទីតាំងបនល្បែងនោះចោលផងដែរ៕

\