(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះបានស្នើឲ្យចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតចំពោះលោក លឺ ឡាយស្រេង ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្ដាអង្គព្រះមហាក្សត្រ។
យោងតាមលិខិតរបស់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដែលផ្ញើជូនព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច បានបញ្ជាក់ថា លោករដ្ឋមន្ដ្រីស្នើឲ្យចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតចំពោះលោក លឺ ឡាយស្រេង។
សូមបញ្ជាក់ថា សំណើសុំឲ្យចាត់វិធានការ របស់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដែលបានដាក់ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ បានធ្វើឡើងស្របពេលដែលពាក្យបណ្ដឹង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈមេធាវី គី តិច ក៏បានដាក់ចូលសាលាដំបូងរាជធានីភ្នំពេញផងដែរ ដោយប្ដឹងលោក លឺ ឡាយស្រេង ពីបទប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ និងចោទប្រកាន់ពីបទបរិហាកេរ្ដិ៍ ដែលថាសម្ដេចបានផ្ដល់លុយដល់មន្ដ្រីរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ម្នាក់ៗ២ម៉ឺនដុល្លារ។
កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយតំណាងកម្មករ ដែលជាប្រធានក្រុម ប្រធានផ្នែក រដ្ឋបាល និងជំនួយការសរុបប្រមាណ ៤,០០០នាក់ មកពីរោងចក្រចំនួន១១ ដែលកិច្ចសំណេះសំណាលនេះ ធ្វើនៅសាលមហោស្រពកោះពេជ្រ នាយករដ្ឋមន្ដ្រីនៃកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងប្ដឹងលោក លឺ ឡាយស្រេង ដែលនិយាយបានប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ នរោត្តម សីហមុនី ទៅជាមាន់គ្រៀវ ដែលនេះធ្វើឲ្យសម្ដេចមិនអាចទទួលយកបាននោះទេ។ ទន្ទឹមនឹងការប្រកាសប្ដឹងរឿងប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចក៏នឹងប្ដឹងមួយករណីទៀត ដែលលោក លឺ ឡាយស្រេង បាននិយាយបរិហាកេរ្ដិ៍សម្ដេចថា ឲ្យមន្ដ្រីគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ដំបូងខ្ញុំចង់និយាយពីលោក លឺ ឡាយស្រេង បន្ដិចឯកឧត្តម ហួសហេតុពេកហើយ ការប្រមាថចំពោះព្រះមហាក្សត្រ ប្រៀបព្រះអង្គទៅជាមាន់គ្រៀង គឺជារឿងធ្ងន់ធ្ងរពេកហើយ ជាការប្រមាថធ្ងន់ធ្ងរណាស់ លោកជំទាវ គី លំអង មិនបាច់ព្រួយទេ គឺ លឺ ឡាយស្រេង [...] ខ្ញុំក៏កំពុងពិនិត្យថាតើប្ដឹង ឬមិនប្ដឹង ប៉ុន្ដែលទ្ធភាពភាគច្រើនខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង ដោយបានចោទខ្ញុំថាបានគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ ចឹងក្រៅពីសម្ដេចក្រុមព្រះប្ដឹង ខ្ញុំនូវមានលទ្ធភាពប្ដឹង លឺ ឡាយស្រេង [...] ចឹងសូមមេធាវីរបស់ខ្ញុំរៀបចំពិនិត្យមើល ខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង»។
កាលពីម្សិលមិញមន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា លោក លឺ ឡាយស្រេង បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកកហើយ នៅវេលាម៉ោង៦៖១០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ តាមជើងហោះហើរ Bangkok Air PG 938៕