(ភ្នំពេញ)៖ ដើម្បីបង្កើនការរីកចម្រើន ទៅលើវិស័យសេដ្ឋកិច្ចនៅកម្ពុជា ធនាគារជាតិនៃកម្ពុជា បាននិងកំពុងរៀបចំយុទ្ធសាស្រ្ដបង្កើនការប្រើប្រាស់ប្រាក់យ័ន របស់ចិនឲ្យកាន់តែច្រើន និងមានតម្លៃនៅកម្ពុជា ខណៈដែលបច្ចុប្បន្ននេះការរីកចម្រើន នៃវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ក៏មានការចូលរួមពីប្រទេសចិនផងដែរ។
ជាមួយគ្នានោះ លោកស្រី ជា សេរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះការប្រើប្រាស់ប្រាក់យ័ន គិតទៅលើការទូទាត់ទំនិញ ឬទូទាត់ពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានទំហំ២.៥ប៊ីលានយ័ន បើគិតពីទំហំទូទាត់សរុបមានចំនួនត្រឹមតែ៧%ប៉ុណ្ណោះ មានន័យថា៩៣%ទៀត គឺជាការទូទាត់លុយដុល្លារ ហើយការរៀបចំកម្មវិធីនេះ ធ្វើឡើងដើម្បីឲ្យមានការទូទាត់ប្រាក់យ័នច្រើនជាងនេះ។
លោកស្រីបញ្ជាក់ទៀតថា ការទូទាត់ប្រាក់យ័ន អាចជួយដល់ការប្រើប្រាស់ប្រាក់រៀល ព្រោះថាបច្ចុប្បន្ននេះ ពាណិជ្ជករទូទាត់ជាដុល្លារទាំងអស់ ដូច្នេះការប្រើប្រាស់ប្រាក់ដុល្លារកាន់តែច្រើន ប៉ុន្ដែនៅពេលដែលយើងផ្ដល់លទ្ធភាព ឲ្យពួកគាត់ទូទាត់ជាប្រាក់រៀល ឬប្រាក់យ័នដល់ពាណិជ្ជករចិន មានន័យថា ការប្រើប្រាស់ប្រាក់រៀលនឹង មានកំណើនជាងមុន។
ថ្លែងក្នុងសន្និសីទ ស្ដីពី «ការលើកកម្ពស់ការប្រើប្រាស់ប្រាក់យ័នចិន និងប្រាក់រៀល នៅក្នុងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នេះលោកស្រី នាង ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា ការរីកចម្រើននៃវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ក៏មានការចូលរួមពីប្រទេសចិន តាមរយៈការទំនាក់ទំនង រវាងសេដ្ឋកិច្ចចិន និងកម្ពុជា ទាំងវិស័យផ្លូវការ និងវិស័យឯកជន។
លោកស្រីបន្តថា ចាប់តាំងពីឆ្នាំ២០១០មក ប្រទេសចិនជាអ្នកផ្ដល់ជំនួយចំណាត់ថ្នាក់ទី១របស់កម្ពុជា ជាចម្បងតាមរយៈការផ្ដល់កម្ចីសម្បទាន ហើយជំនួយទាំងនេះ ត្រូវបានប្រើប្រាស់ភាគច្រើន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យការពារជាតិ ក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងពង្រឹងសន្ដិសុខជាតិ។
លោកស្រីបានបន្ដទៀតថា ចំពោះវិស័យពាណិជ្ជកម្ម ប្រទេសចិនជាដៃគូ នាំទំនិញចូលមកកម្ពុជា លំដាប់ទី១ ចាប់ពីឆ្នាំ១៩៩៨មកម្ល៉េះ ហើយក្នុងកំឡុងឆ្នាំ២០០៤-២០១៦ ការនាំចូលទំនិញពីចិនមកកម្ពុជា មានទំហំ២៣.៤ប៊ីលានដុល្លារអាមេរិក គិតជាមធ្យមប្រមាណ២៩.៥% នៃការនាំចូលសរុប។ ក្នុងឆ្នាំ២០១៦ ទំហំទឹកប្រាក់នាំចូល ពីចិនសរុបប្រមាណ៤,៥៥០ លានដុល្លារអាមេរិកកើនឡើង១៥% (ប្រមាណ៣៦.០៩% នៃការនាំចូលសរុប) ចំណែកឯការនាំចេញទៅកាន់ ប្រទេសចិនមានទំហំ៦០៩លានដុល្លារអាមេរិកស្មើនឹង៦% នៃការនាំចេញសរុប ហើយបច្ចុប្បន្នប្រទេសចិនជាទីផ្សារនាំអង្ករ ចេញធំជាងគេរបស់កម្ពុជា។
លោកស្រីក៏បញ្ជាក់ទៀតថា ប្រទេសចិនជាប្រទេសវិនិយោគលំដាប់ទី១ នៅកម្ពុជា ដែលមានទឹកប្រាក់វិនិយោគ សរុបកើនឡើងដល់៥.២ប៊ីលានដុល្លារអាមេរិក (២៩.៥% នៃវិនិយោគផ្ទាល់បរទេសសរុប) គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៧។ វិនិយោគផ្ទាល់បរទេសពីចិន ផ្ដោតលើវិស័យចម្បងៗ ដូចជាវារីអគ្គិសនី (៣៧.៦% នៃការវិនិយោគសរុប) កាត់ដេរ ២៣% កសិកម្ម ១០.៤% និងវិស័យធនាគារ ៥.៦%។ សម្រាប់វិស័យទេសចរណ៍ កំណើនភ្ញៀវទេសចរ មកពីប្រទេសចិនបានកើនឡើងជាលំដាប់ ដោយចំនួនភ្ញៀវទេសចរចិន មកកម្ពុជាស្ថិតក្នុងលំដាប់ទី១។ ចំនួនភ្ញៀវទេសចរចិនក្នុងឆ្នាំ២០១៦ បានកើនឡើង១៩.៥% ដល់៨៣ម៉ឺននាក់ បើគិតត្រឹមខែសីហា ឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរចិន បានកើនដល់៧៤២,០០០នាក់ ស្មើនឹង២១.៨% នៃចំនួនភ្ញៀវទេសចរសរុប៕