(កណ្តាល)៖ ទីតាំងស្តុកឈើប្រណិតមួយកន្លែងដ៏ធំ ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឆែកឆេររកដោយឃើញ ឈើប្រណីតប្រភេទក្រញូង២៣៧៧ដុំ ស្មើនឹង១.៨២៩ម៉ែត្រគុប និងឃាត់ខ្លួនមនុស្សចំនួន៤នាក់ នាំយកទៅសាកសួរផងដែរ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិតាក្តុល សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងឈើប្រណិតខាងលើនេះ ដឹកនាំដោយ លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ក្រោមការសប្រមសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្តាល, លោក ឈឿន សុចិត្រ ស្នងការរងទទួលបន្ទុកបង្ក្រាបបទល្មើស សេដ្ឋកិច្ច ចុះអនុវត្តន៍ដឹកនាំកម្លាំងដោយលោក សេង គឹមឃន ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកណ្តាល និងលោក លី សុជាតិ នាយរងការិយាល័យផ្នែកបង្ក្រាប់បទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកណ្តាល សហការជាមួយនគរបាលផ្នែកយុត្ដិធម៌ នៃអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ និងនគរបាលប៉ុស្ដិ៍រដ្ឋបាលតាក្ដុល។

ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងឈើប្រណិតខាងលើនេះ កម្លាំងជំនាញឃាត់ខ្លួនមនុស្ស៤នាក់ មកសាកសួររួមទាំងរឹបអូសវត្ថុតាងដូចជា៖ ឈើក្រញូងមួយចំនួន, រថយន្តចំនួន២គ្រឿង, ម៉ូតូចំនួន២គ្រឿង, ស្លាកលេខរថយន្តចំនួន២ និងម៉ាស៊ីនផ្ទុកទិន្ន័យកាមេរ៉ាសុវត្ថិភាព១គ្រឿងផងដែរ ។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដដែល បានបញ្ជាក់ឲ្យដឹងថា ម្ចាស់ឃ្លាំងឈ្មោះ ហួត ស៊ីថារ៉ា អាយុ៤៨ឆ្នាំរស់នៅក្នុងទីតាំងកើតហេតុខាងលើ។

បច្ចុប្បន្ន មនុស្សទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវីធីច្បាប់៕