(ភ្នំពេញ)៖ មេធាវីរបស់សម្តេចតេជោ ហ៊ុន សែន គឺលោក គី តិច នៅវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ បានដាក់រួចហើយនូវពាក្យបណ្ដឹងទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដោយប្ដឹងលោក លឺ ឡាយស្រេង ដែលបានប្រមាថព្រះចេស្ដាព្រះមហាក្សត្រ និងបរិហាកេរ្ដិ៍សម្ដេចតេជោ ហ៊ុន សែន ឲ្យមន្ដ្រីគណបក្សហ្វ៊ុនស៊ិនប៉ិចម្នាក់២ម៉ឺនដុល្លារ។
កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយតំណាងកម្មករ ដែលជាប្រធានក្រុម ប្រធានផ្នែក រដ្ឋបាល និងជំនួយការសរុបប្រមាណ ៤,០០០នាក់ មកពីរោងចក្រចំនួន១១ ដែលកិច្ចសំណេះសំណាលនេះ ធ្វើនៅសាលមហោស្រពកោះពេជ្រ នាយករដ្ឋមន្ដ្រីនៃកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងប្ដឹងលោក លឺ ឡាយស្រេង ដែលនិយាយបានប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ នរោត្តម សីហមុនី ទៅជាមាន់គ្រៀវ ដែលនេះធ្វើឲ្យសម្ដេចមិនអាចទទួលយកបាននោះទេ។ ទន្ទឹមនឹងការប្រកាសប្ដឹងរឿងប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចក៏នឹងប្ដឹងមួយករណីទៀត ដែលលោក លឺ ឡាយស្រេង បាននិយាយបរិហាកេរ្ដិ៍សម្ដេចថា ឲ្យមន្ដ្រីគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ដំបូងខ្ញុំចង់និយាយពីលោក លឺ ឡាយស្រេង បន្ដិចឯកឧត្តម ហួសហេតុពេកហើយ ការប្រមាថចំពោះព្រះមហាក្សត្រ ប្រៀបព្រះអង្គទៅជាមាន់គ្រៀង គឺជារឿងធ្ងន់ធ្ងរពេកហើយ ជាការប្រមាថធ្ងន់ធ្ងរណាស់ លោកជំទាវ គី លំអង មិនបាច់ព្រួយទេ គឺ លឺ ឡាយស្រេង [...] ខ្ញុំក៏កំពុងពិនិត្យថាតើប្ដឹង ឬមិនប្ដឹង ប៉ុន្ដែលទ្ធភាពភាគច្រើនខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង ដោយបានចោទខ្ញុំថាបានគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ ចឹងក្រៅពីសម្ដេចក្រុមព្រះប្ដឹង ខ្ញុំនូវមានលទ្ធភាពប្ដឹង លឺ ឡាយស្រេង [...] ចឹងសូមមេធាវីរបស់ខ្ញុំរៀបចំពិនិត្យមើល ខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង»។
កាលពីម្សិលមិញមន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា លោក លឺ ឡាយស្រេង បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកកហើយ នៅវេលាម៉ោង៦៖១០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ តាមជើងហោះហើរ Bangkok Air PG 938។