(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ ពិភាក្សាលើការជួសជុលមហាវិថីសហព័ន្ធរុស្សី និងកំណាត់ផ្លូវជាតិលេខ៤ ឲ្យល្អប្រសើរឡើងឡើងវិញ តបទៅតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈកំណាត់ផ្លូវនេះ មានការខូចខាតមួយចំនួន និងបង្កឲ្យមានការកកស្ទះចរាចរផងដែរ។

កិច្ចប្រជុំនេះ បានសម្រេចបែងចែកការងារ ដោយមានក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយមន្ទីរ និងមន្ត្រីពាក់ព័ន្ធដើម្បីជំរុញការបែងចែក ការងារជុំវិញ ការជួសជុលផ្លូវសហព័ន្ធរុស្សី និងផ្លូវជាតិលេខ៤ឡើងវិញ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការបើកឲ្យមានកិច្ចប្រជុំខាងលើនេះ គឺក្នុងគោលបំណងដើម្បីបែងចែកគ្នា ឲ្យដាច់រវាងកំណាត់ផ្លូវនេះ ថាតើចំណុចណា ដល់ចំណុចណា ដែលក្រសួងទទួលខុសត្រូវ ក្នុងការជួសជុល ហើយចំណុចណាដែលខាងអាជ្ញាធរ រាជធានីភ្នំពេញ ជាទទួលខុសត្រូវ ក្នុងការជួសជុល ដោយសារកន្លងមកនេះ ការបែងចែកគ្នាមិនច្បាស់ធ្វើអោយការជួលជុលមានការយឺតយ៉ាវ និងអូសបន្លាយពេលវេលា ធ្វើឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

លោក ម៉េត មាសភក្តី បានបន្តថា ក្រោយកិច្ចប្រជុំនេះ គឺបានសម្រេចគ្នាថា ក្នុងចំណាយផ្លូវសហព័ន្ធរុស្សី និងផ្លូវជាតិលេខ៤ ដែលគ្រោងនឹងធ្វើការ ជួសជុលឡើងវិញនេះ មានប្រវែងប្រមាណ២០គីឡូម៉ែត្រ ដោយរាជធានីភ្នំពេញ ទទួលការជួសជុលពីស្តុបបេកាសេ (ស្តុបអគារការណាឌីយ៉ា) រហូតដល់ស្តុបកប់ស្រូវ ដែលមានប្រវែងជាង១៩គីឡូម៉ែត្រ ចំណែកក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកទទួលខុសត្រូវជួសជុលផ្លូវជាតិលេខ៤ ចាប់ផ្តើមពីស្តុបកប់ស្រូវ ដល់ព្រំប្រទល់ខេត្តកណ្តាលដែលមាន៧៧០ម៉ែត្រ។

លោកបន្តថា ការសម្រេចឲ្យមានការជួសជុលផ្លូវសហព័ន្ធរុស្សី និងផ្លូវជាតិលេខ៤ឡើងវិញនេះ ធ្វើឡើងតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែលសម្តេចបានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីរោងចក្រ កាលពីថ្ងៃ១៨ ខែតុលា កន្លងមកនេះ។

ចំពោះចំណុចផ្លូវដែលត្រូវជួសជុសនោះ រួមមាននៅមុខតុលាការខ្មែរក្រហមផ្លូវជាតិលេខ៤ ចំណុចរង្វង់មូលចោមចៅ ការដ្ឋានសាងសង់ស្ពានអាកាស ដីហុយការដ្ឋានក្រុមហ៊ុន ប៊ូ យ៉ុង សង្កាត់ទឹកថ្លា និងនៅមុខក្រសួងការងារ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា តាមពិតទៅគម្រោងជួសជុលផ្លូវខាងលើនេះ ត្រូវពឹងលើថវិកាគម្រោងអភិវឌ្ឍន៍ឆ្នាំ២០១៨ ប៉ុន្តែទោះបីជា យ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញនឹងខិតខិតរកថវិកា ដើម្បីជួសជុលកំណាត់ផ្លូវនេះ ឲ្យបានដើម្បីសម្រួលចរាចររបស់ប្រជាពលរដ្ឋ តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕