(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ការបញ្ចប់ថ្នាក់បណ្ឌិតនៅរាជបណ្ឌិតសភាចារ្យ គឺមិនត្រូវមានអន្តរាគមន៍ ពីអ្នកមានអំណាចណាម្នាក់ឡើយ លើសពីនេះ លោកបណ្ឌិតក៏បានក្រើនរម្លឹកដល់ប្រធានមុខជំនាញទាំងអស់ មិនត្រូវប្រព្រឹត្តអំពើពុករលួយ ដូចជាការឲ្យប្រាក់ ដោយមិនបានធ្វើនិក្ខេបបទ ឬការធ្វើសារណានោះឡើយ។
ការលើកឡើងបែបនេះរបស់ លោកបណ្ឌិត សុខ ទូច ក្នុងឱកាសដែលលោកធ្វើជាអធិបតីក្នុងសិក្ខាសាលា «ការធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍ កម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាប័ត្រ» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅរាជបណ្ឌិតសភាចារ្យកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកជាច្រើននាក់ ក៏ដូចជាថ្នាក់ដឹកនាំមកពីសកលវិទ្យាល័យ មួយចំនួននៅកម្ពុជា។
ក្រៅពីនេះ លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ជាថ្មីថា ការងារក៏ដូចជាការដឹកនាំ នៅរាជបណ្ឌិត្យកម្ពុជា ចាប់ពីពេលដែលលោកគ្រប់គ្រងទៅ គឺមិនមែនការធ្វើដោយខ្សែស្រឡាយឡើយ អ្នកមានសមត្ថភាពទើបអាចធ្វើការងារបាន ជាពិសេសនោះ អ្នកមិនចេះ គឺមិនអាចធ្វើជាមេដឹកនាំគេបាននោះទេ៕