(តាកែវ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បាននាំយកអាវរងា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាង ៣ពាន់អាវប្រគល់ជូនកងទ័ពមកពីអង្គភាពនានាចំណុះឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោក និងកងពលលេខ១១។

ក្នុងពិធីប្រគល់អាវរងាជូនកងទ័ពនាព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំយកនូវការផ្តាំផ្ញើសាកសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនចំពោះកងទ័ពទាំងអស់។ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានរំលឹកផងដែរពីការយកចិត្តទុកដាក់ និងគិតគូររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះសុខទុក្ខរបស់បងប្អូនកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។ ក្នុងនោះក្រៅពីការគិតគូរពីជីភាពរស់នៅប្រចាំថ្ងៃ ការដំឡើងប្រាក់បៀវត្សរ៍ហើយនោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែផ្តល់អាវភ្លៀងនៅរដូវភ្លៀង ហើយក៏តែងតែផ្តល់អាវរងានៅក្នុងរដូវរងា។

ចំពោះមុខកងទ័ពជាង ៣ពាន់នាក់នាយឧត្តមសេនីយ៍ គន់ គីម បានលើកបង្ហាញពីស្ថានការណ៍នយោបាយ និងបញ្ហារបស់ប្រទេសជាតិដែលកំពុងវិវឌ្ឍន៍នាពេលបច្ចុប្បន្នផងដែរ។ ពាក់ព័ន្ធបញ្ហានយោបាយ និងប្រទេសជាតិនេះ នាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវដល់កងទ័ពទាំងអស់ត្រូវគោរពកាតព្វកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនក្នុងការថែរក្សាការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ជាពិសេសត្រូវរក្សាឲ្យបាននូវសុខសន្តិភាពរបស់កម្ពុជា ដែលមាននាពេលបច្ចុប្បន្ន។

ជាមួយនឹងសម្តីខ្លាំងៗ និងធ្ងន់ៗនាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវដល់កោកទ័ពត្រូវរួមគ្នាប្រឆាំងដាច់នូវការញុះញង់បង្កអសន្តិសុខ និងការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់សម្តេចតេជោ ហ៊ុន សែន របស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរាជរដ្ឋាភិបាលចោទប្រកាន់ជាជនក្បត់ជាតិនោះ។

«យើងជាកងទ័ពត្រូវតែប្រកាន់ឲ្យខ្ជាប់ខ្ជួនបំផុតនូវតួនាទីភារកិច្ច និងការតព្វរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់យើង។ កងទ័ពក៏មានតួនាទីភារកិច្ចក្នុងការរក្សាស្ថេរភាព សណ្តាប់ធ្នាប់សង្គម និងសុខសន្តិភាពរបស់ប្រទេសមួយនេះ ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់របស់សម្តេចតេជោ ហ៊ុន សែន កើតចេញពីការបោះឆ្នោត។ យើងក៏ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងដាច់ខាតនូវការប៉ុនប៉ងបង្កអសន្តិសុខ និងការធ្វើបដិវត្តន៍បណ៌ ដែលរៀបចំឡើងក្រុមមេបក្សប្រឆាំង កឹម សុខា និងសម រង្ស៊ី»។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ គន់ គីម មន្រ្តីយោធាជាន់ខ្ពស់របស់កម្ពុជា។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានថ្លែងអំណរគុណដល់កងទ័ពទាំងអស់ ដែលមានស្វាមីភក្តិជាមួយសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ហើយបានចេញមកប្រកាសព្រមៗគ្នាប្រឆាំងសម្តីញុះញង់របស់លោក សម រង្ស៊ី ដោយអំពាវនាវឲ្យកងទ័ពបង្វែរកាណុងរករាជរដ្ឋាភិបាល។

ក្រៅពីការនិយាយបង្ហាញពីបញ្ហានយោបាយ និងបញ្ហារបស់ប្រទេសជាតិហើយនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏មិនភ្លេចផងដែរឲ្យកងទ័ពមិនទាន់ចុះឈ្មោះបោះឆ្នោតត្រូវទៅចុះឈ្មោះបោះឆ្នោត ហើយត្រៀមខ្លួនទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នានៅឆ្នាំ២០១៨ខាងមុខ៕