(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ លោក ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះដោះស្រាយបញ្ហាមួយចំនួន ដែលនៅសេសសល់ជូនប្រជាពលរដ្ឋ និងផ្តាំផ្ញើរយុវជនឲ្យចៀសឆ្ងាយពីគ្រឿងញៀន តាមរយៈការបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី២ ប្រចាំឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋប្រមាណ២៣០នាក់ នៅស្រុកស្ទោង ខេត្តកំពង់ធំ។

លោក ហួន វ៉ាន់និត បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត មានគោលបំណងចង់ឲ្យប្រជាពលរដ្ឋដែលកំពុងជួប ប្រទះបញ្ហា ឬអំពើអយុត្តិធម៌ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព, ការផ្តល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរដែលនៅមានការខ្វះចន្លោះ និងបញ្ចេញមតិយោបល់ការកង្វល់របស់ពួកគាត់ដើម្បីឲ្យអាជ្ញាធរបានជួយដោះស្រាយ បញ្ហាមួយចំនួន និងបញ្ហាសេសសល់ទុកដោះស្រាយពេលក្រោយ។

លោក ហួន វ៉ាន់និត បានបន្តថា ការដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ នឹងត្រូវធ្វើឡើងជាតំណាក់កាលៗ នៅក្នុងខណៈនោះដែរលោក បានមានមតិផ្តាំផ្ញើរដល់អង្គពិធីបន្តធ្វើការផ្សព្វផ្សាយពីបញ្ហាផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន និងបន្តអប់រំដល់កូនចៅដែលស្ថិត នៅក្រោមការគ្រប់គ្រងរបស់បងប្អូន។

លោក ដៀប ពីរី បានថ្លែងថា ក្រោយពីទទួលបានសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋតាមរយៈប្រអប់សំបុត្ររួចមកលោកបានឲ្យមន្ត្រីជំនាញ តាមមន្ទីរអង្គភាពពាក់ព័ន្ធធ្វើការដោះស្រាយ និងបំភ្លឺបញ្ហាមួយចំនួន និងបញ្ហាដែលនៅសេសសល់នឹងយកទៅពិភាក្សាដោះស្រាយជាមួយ ជំនាញពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត។ ក្នុងនោះលោកបានផ្តាំផ្ញើដល់ប្រធានមន្ទីរអង្គភាព និងមន្ត្រីទំាងអស់ត្រូវខិតខំផ្តល់នូវសេវា សាធារណៈជូនដល់អ្នកប្រើប្រាស់សេវា ឲ្យកាន់តែប្រសើរឡើង និងទាន់ពេលវេលារាល់បញ្ហាទិភាពព្រមទាំងធ្វើការពិចារណាដាក់បញ្ចូលទៅក្នុងផែន ការអភិវឌ្ឍ និងកម្មវិធីនិយោគរបស់រដ្ឋបាលខេត្តដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានគាំទ្រយ៉ាងពេញទំហឹង និងជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់អនុវត្តជួយដោះស្រាយបញ្ហារបស់ពួកគាត់ ឲ្យបានឆាប់រហ័ស ទោះបីពួកគាត់ប្រឈម និងការលំបាកមួយចំនួនក៏ដោយ៕