(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា អនុប្រធានប្រចាំការ និងជាប្រធានប្រតិបត្តិ នៃគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងបញ្ជាក់ថា ការកើតឡើងនៅគ្រោះមហន្តរាយ មិនមែនកើតឡើងតែនៅកម្ពុជានោះទេ បណ្តាប្រទេសក្នុងតំបន់អាស៊ាន អាស៊ីប៉ាស៊ីហ្វិច និងទូទាំងពិភពលោកក៏កើតមានដែរ។

ការថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីធ្វើលំហាត់សាក់ល្បងឆ្លើយ តបទាន់គ្រោះអាសន្នកម្ពុជា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា នៅសណ្ឋាគារ សុខា ភ្នំពេញ ដោយមានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធទូទាំងរាជធានី-ខេត្ត ចូលរួមយ៉ាងច្រើនកោះករ។

លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានបន្តថា គ្រោះធម្មជាតិបានកើតឡើង ក្នុងប្រទេសកម្ពុជាមិនទាន់ជាបញ្ហាដ៏ព្រួយបារម្ភខ្លាំងសម្រាប់ ប្រជាជនកម្ពុជានៅឡើយទេ ក្នុងនោះដែរដើម្បីជៀសផុត ឬបង្ការគ្រោះមហន្តរាយ គ្រប់បណ្តាប្រទេសក្នុងតំបន់ និងបណ្តាប្រទេសទូទាំងពិភពលោក ត្រូវមានការសហប្រត្តិបត្តិការ រឹងមាំជាមួយគ្នា ដ៏ដូចជាប្រទេសជិតខាងជាដើម។

លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានបញ្ជាក់ថា «រឿងគ្រោះមហន្តរាយនេះ កើតឡើងទាំងអស់ដោយមិនប្រកាន់ថា ប្រទេសមានសេដ្ឋកិច្ច រីកចម្រើនខ្លាំង ប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសកំពូលមហាអំណាចនោះទេ គឺមិនអាចចៀសផុតរឿងគ្រោះមហន្តរាយនេះបានទេ»។ តួយ៉ាងបញ្ហាភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះមិនទាន់រលត់នៅឡើយទេ បញ្ហាគ្រោះរាំងស្ងួត​នៅរដ្ឋកាលីហ្វនីញ៉ា មានរយៈពេល៦ឆ្នាំជាប់ៗគ្នា។ ដូច្នេះអាកាសធាតុក្តៅ និងមានបន្តទៀតទៅថ្ងៃអនាគត។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការយ៉ាងជិតស្និទ្ធក្នុងនាមជាដៃគូជាមួយកាកបាទក្រហមកម្ពុជា ពីថ្នាក់ជាតិដល់សហគមន៍ ភ្នាក់ងារសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយគ្រោះមហន្តរាយ និងរួមចំណែកក្នុងការ កាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ លើសពីនោះទៀត រាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេសកម្ពុជា ក៏បានប្រារព្វទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយគ្រោះ មហន្តរាយ នៅតាមរាជធានី-ខេត្តរៀងៗ ខ្លួនដោយមានការអានសារលិខិតអបអរសាទររបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕