(ភ្នំពេញ)៖ សេចក្តីស្នើច្បាប់ចំនួន៤ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត, ជ្រើសតាំងសមាជិកព្រឹទ្ធ, ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ នឹត្រូវក្រុមប្រឹក្សាធម្មនុញ្ញលើកយកប្រជុំ និងពិនិត្យនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ហើយ។

លោក ម៉េង ផល្លា អគ្គនាយកដ្ឋានរដ្ឋបាល-ហិរញ្ញកិច្ចនៃក្រុមប្រឹក្សាធម្មនុញ្ញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីការបោះឆ្នោតទាំង៤នេះ នឹងត្រូវក្រុមប្រឹក្សាធម្មនុញ្ញបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សានៅវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧នេះ។

សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មស្តីពីច្បាប់បោះឆ្នោត ដែលស្នើឡើងដោយតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាចំនួន ៤៩រូបនោះ គឺផ្តោតសំខាន់ទៅលើការបែងចែកអាសនៈ​ របស់គណបក្សនយោបាយណាមួយ ដែលត្រូវបានរំលាយចោល ឬបោះបង់អាសនៈចោល។

បើតាមខ្លឹមសារនៅក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា១៣៨-ស្ទួន បានកំណត់ថា៖ «ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់ចោលអសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្រ្តទាំងអស់ នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។ ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ទៅឱ្យគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្ត, ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ និងគណបក្សនយោបាយ មានអាសនៈក្នុងរដ្ឋសភា ដែលដឹកនាំដោយរាជរដ្ឋាភិបាល...»

ខ្លឹមសារនៅក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មាត្រា២០ថ្មី បានកំណត់ថា៖ «ក្នុងករណីគណបក្សនយោបាយណាមួយបោះបង់ចោលអាសនៈ ដែលខ្លួនទទួលបាន ឬត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះគណបក្សនយោបាយ ឬត្រូវបានរំលាយស្របតាមច្បាប់ស្តីពីគណបក្សនយោបាយបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ នៃគណបក្សនយោបាយនោះលែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។ ករណីនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបែងចែកអាសនៈ ដែលនៅទំនេរនោះទៅឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយផ្សេងទៀត ដែលបានចូលរួមក្នុងការបោះឆ្នោតឃុំ សង្កាត់ ក្នុងអំឡុងពេលយ៉ាងយូរ ១៤ថ្ងៃ។ គណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតអាចប្រកាសមិនទទួលយកអាសនៈរបស់គណបក្សនយោបាយណាមួយ ដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅឃុំ សង្កាត់ណាមួយ ឬមួយចំនួនដោយត្រូវធ្វើលិខិតជូនដំណឹងលាយលាក់អក្សរទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងអំឡុងពេលយ៉ាងយូរ៥ថ្ងៃ...»

ខ្លឹមសារនៅក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាត្រា ១៣ស្ទួន បានកំណត់ថា៖ «ក្នុងអាណត្តិក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់អាសនៈ ឬត្រូវបានលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវបានរំលាយស្របតាមច្បាប់ស្តីពីគណបក្សនយោបាយបញ្ជីបេក្ខជន និងសមាជិក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទាំងអស់ នៃគណបក្សនយោបាយនោះលែងមានសុពលភាពទៀតហើយ និងគុណសម្បត្តិតទៅទៀតហើយ។ ករណីនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបែងចែកអាសនៈដែលនៅទំនេរនោះទៅឲ្យបញ្ជីបេក្ខជនគណបក្សនយោបាយផ្សេងទៀត ដែលបានចូលរួមបោះឆ្នោតក្នុងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងអំឡុងពេលយ៉ាងយូរ ១៤ថ្ងៃ...»

បើតាមខ្លឹមសារនៃច្បាប់ដែលស្នើឲ្យធ្វើវិសោធនកម្មនេះ តំណាងរាស្រ្ត មេឃុំ ចៅសង្កាត់ ជំទប់ទី១ ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សសង្រ្គោះជាតិ អាចនឹងបាត់បង់តំណែងទាំងអស់។ បាត់បង់ក៏ដោយសារតែគណបក្សប្រឆាំងនៅកម្ពុជាមួយនេះ កំពុងរងការប្តឹងឲ្យរំលាយចោលក្រោមការចោទប្រកាន់ពីបទក្បត់ជាតិពីសំណាក់ក្រសួងមហាផ្ទៃ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងដោយបង្ហាញជំនឿចិត្តរហូតដល់៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយចោល។ សម្តេចក៏បានប្រកាសស្វាគមន៍ផងដែរ ចំពោះការចូលរួមជីវភាពនយោបាយរបស់តំណាងរាស្រ្ត ឬចៅសង្កាត់ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សសង្រ្គោះជាតិ។

សម្តេចប្រមុខគណបក្សកាន់អំណាច បានប្រកាសរក្សាតំណែងចៅសង្កាត់ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្ស សង្រ្គោះជាតិឲ្យនៅដដែល ប្រសិនបើពួកគេព្រមមករួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា៕