(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News ថា កម្លាំងនគរបាលព្រហ្មទណ្ឌរបស់លោក បានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរ ដែលតែងធ្វើសកម្មភាពឆក់យ៉ាងសកម្ម ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៤នាក់ ហើយក៏ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញផងដែរ។ គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះក្រុមចោរឆក់ទាំង៤នាក់ កំពុងស្ថិតក្រោមការសួរនាំរបស់តំណាងអយ្យការនៅឡើយ។
បើតាមលោកនាយការិយាល័យរូបនេះ ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងតាំងពីចុងសប្តាហ៍ នៅចំណុចបន្ទប់ជួលផ្ទះលេខ១២៩B ផ្លូវរថភ្លើង ភូមិ៩ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលកន្លងមកបានប្រព្រឹត្តអំពើ លួចមានស្ថានទម្ងន់ទោស (ឆក់) ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញចំនួន០៦ករណី។
តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ ករណីទី១៖ ប្រព្រឹត្តទៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៤៖០០នាទីជិតភ្លឺ នៅចំណុចមុខផ្ទះលេខ៦៦៨ ផ្លូវ១២៨ ក្រុម១៣ ភូមិ៤ សង្កាត់ផ្សារដេប៉ូរ២ ខណ្ឌទួលគោក ជនរងគ្រោះឈ្មោះ គង់ ចាន់នី ភេទស្រី អាយុ៤២ឆ្នាំ, ករណីទី២៖ ប្រព្រឹត្តទៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៩៖៥០នាទី នៅចំណុចមុខក្រសួងការពារជាតិ ផ្លូវសហពន្ធ័រុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា ជនរងគ្រោះឈ្មោះ ប្រេស ម៉ារីណា ភេទស្រី អាយុ១៨ឆ្នាំ, ករណីទី៣៖ ប្រព្រឹត្តទៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខសណ្ឋាគារ ប្រេស៊ីដង់ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក, ករណីទី៤៖ ប្រព្រឹត្តទៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខក្រសួងការពារជាតិ ផ្លូវសហពន្ធ៍រុស្សី ភូមិ៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា ជនរងគ្រោះឈ្មោះ ឆេង សុខា ភេទប្រុស អាយុ៤៤ឆ្នាំ, ករណីទី៥៖ ប្រព្រឹត្តទៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចគល់ស្ពានអាកាស៧មករាខាងកើត ផ្លូវលេខ១១០ ក្រុម២៧ ភូមិ៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងករណីទី៦៖ ប្រព្រឹត្តទៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ១៦១ ផ្លូវលេខ២១៥ ក្រុម៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
យ៉ាងណាមិញ លោកបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ ងយ ឧត្តមរស្មី, ជនសង្ស័យទី២៖ឈ្មោះ មុត ជ័យដាឡេ, ជនសង្ស័យទី៣៖ឈ្មោះ ម៉ែន គង្គា ហៅប៉ាប់ និងជនសង្ស័យទី៤៖ឈ្មោះ ង៉ូវ វណ្ណៈ។ ក្នុងនោះដកហូតបាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AW-4685, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1DC-2872 និងម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌សប្រផេះ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FO-6453 ព្រមទាំងវត្ថុតាងសម្រាប់ធ្វើសកម្មភាពមួយចំនួនទៀតផងដែរ៕