(កំពងស្ពឺ)៖ ការផ្គត់ផ្គង់អគ្គិសនីនៅទូទាំងខេត្តកំពុងស្ពឺ ត្រូវបានកាត់ផ្តាច់ទាំងស្រុងចាប់ពីវេលាម៉ោងប្រមាណ ៧៖០៥នាទីព្រឹក ដល់ម៉ោង ១០៖០៥នាទីព្រឹកថ្ងៃទី២៤​ ខែតុលា ឆ្នាំ២០១៧នេះ ព្រោះតែការស្ទួចកុងតឺន័រធ្វើឲ្យប៉ះខ្សែបណ្តាញ ១១៥គីឡូវ៉ុល 

ចន្លោះបង្គោលលេខ០៧៤-០៧៥ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសំណង់ ឃុំរការធំ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ។

យោងមន្រ្តីអគ្គិសនីបានបញ្ជាក់ថា នៅព្រឹកមិញនេះមានរថយន្តកុងតឺន័រមួយគ្រឿងបានខូច ហើយក៏មានការស្ទួចកុងងតឺន័រចុះពីលើរថយន្ត។ ដោយខ្វះការប្រុងប្រយ័ត្នការស្ទួចនោះបានប៉ះជាមួយខ្សែបញ្ជូនអគ្គិសនីបណ្តាលការផ្គត់ផ្គង់ចរន្តអគ្គិសនីក្នុងខេត្តកំពង់ស្ពឺទាំងមូលត្រូវបានកាត់ផ្តាច់តែម្តង។

ទោះបីជាយ៉ាងណាមន្ត្រីអគ្គសិនីបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការញាប់ដៃញាប់ជើង បានតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីឡើងវិញ ហើយការផ្គត់ផ្គង់អគ្គសិនីក៏បានដំណើរការឡើងវិញនៅវេលាម៉ោង ១០៖០៥នាទីថ្ងៃដដែល។

មន្រ្តីអគ្គសិនីកម្ពុជា បានបញ្ជាក់ថា ការដាច់ចរន្តនេះ បានធ្វើបាត់បង់អនុភាពសរុប ២៥មេហ្គាវ៉ាត់។ អគ្គសិនីកម្ពុជា បានសូមការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវរំខានការប្រកបរបរអាជីវកម្មដោយសារការដាច់ចរន្តអគ្គិសនីជាច្រើនម៉ោងនេះ។

អគ្គិសនីក៏បានអំពាវនាវដល់ក្រុមហ៊ុនទាំងឡាយ ដែលធ្វើសកម្មភាពនានានៅក្បែរខ្សែបណ្តាញបញ្ជូនអគ្គិសនីមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការប៉ះពាល់ដល់ខ្សែបណ្តាញនាំឲ្យអាក់ខានការបញ្ជូនអគ្គិសនីដូចខាងករណីខាងលើនាំឲ្យប៉ះពាល់ដល់ការរស់នៅ និងការប្រកបរបរអាជីវកម្មរបស់ប្រជាពលរដ្ឋ៕