(កណ្ដាល)៖ សំណុំរឿងឃាតកម្ម ដោយក្រុមជនសង្ស័យបានប្រើដាវកាប់ប្រហារទៅលើជនរងគ្រោះម្នាក់ ដែលកំពុងជិះម៉ូតូជាមួយគ្នា៣នាក់ បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង នៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ តែជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវកម្លាំងអាវុធហត្ថបង្ក្រាបបាន។
មន្ដ្រីអាវុធហត្ថបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការបង្ក្រាប បានធ្វើឡើងនៅ ក្រោមបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល។
ជនសង្ស័យដែលបង្ក្រាបបានទាំង៣នាក់នេះ ទី១៖ ឈ្មោះ ពេញ ស៊ីណេង ហៅឡេង ឃាត់នៅផ្ទះជីតានៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ (ជាជនដៃដល់), ទី២៖ ឈ្មោះ ហួរ កុសល ឃាត់នៅកន្លែងលេងបាល់ទះ ស្ថិតក្នុងភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ (ជាអ្នកសមគំនិត) និងទី៣៖ ឈ្មោះ ស៊ឹម ឬទ្ធី ហៅជ្រូក ឃាត់ខ្លួននៅជិតស្តុបផ្សារមាន់អាំង ខណ្ឌទួលគោក ជាអ្នកឌុបជនសង្ស័យធ្វើសកម្មភាពកាប់លើជនរងគ្រោះ ដោយឡែកបក្ខពួក៣នាក់ទៀត ដែលកំពុងរត់គេចខ្លួន ឈ្មោះ អា លីន, ឈ្មោះ អា ប៉ែត និងឈ្មោះ អា ធា មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកគៀនស្វាយ។
ប្រភពបញ្ជាក់ថា ជនរងគ្រោះ៣នាក់ ឈ្មោះ រស្មី សាម៉ាឌី អាយុ១៨ឆ្នាំ (ជិះពីក្រោយ) ស្លាប់ភ្លាមៗ, ឈ្មោះ គៀត ភារម្យ អាយុ១៨ឆ្នាំ (អ្នកឌុប) និងឈ្មោះ ធី ប៊ុនធីម អាយុ១៧ឆ្នាំ (ជិះកណ្តាល)។ ក្រោយធ្វើកោសល្យវិច្ច័យរួចរាល់ សពជនរងគ្រោះឈ្មោះ រស្មី សាម៉ាឌី បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្នុងប្រតិបត្តិការនោះ កម្លាំងអាវុធហត្ថជំនាញ ដកហូតបានកាំបិតផ្គាក់១ដើម ដែលបានកាប់ជនរងគ្រោះ, ដាវ២ដើម និងម៉ូតូHonda C125 ១គ្រឿង ដែលជិះធ្វើសកម្មភាពកាប់ជនរងគ្រោះ។ យ៉ាងណាមិញ បក្ខពួក៣នាក់ទៀតដែលនៅសេសសល់ ជំនាញអាវុធហត្ថកំពុងបន្តស្រាវជ្រាវតាមប្រមាញ់ដើម្បីអនុវត្តតាមនីតិវិធី៕