(មណ្ឌលគិរី)៖ ស្នងការដ្ឋានខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំស្តីពី ការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១២៩ អនក្រ.បក និងមាត្រាចំនួន៧សំខាន់ៗ ឈានទៅរកវិធានការរក្សាលំនឹងដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងសន្តិសុខសង្គមជាតិ។

កិច្ចប្រជុំស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ខាងលើនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្រ្តីនគរបាលជិត២០០នាក់ មកពីគ្រប់ប៉ុស្តិ៍រដ្ឋបាល អធិការ ក្រុង ខេត្ត ទូទាំងខេត្តមណ្ឌលគិរី។

ហើយនាថ្ងៃនេះដែរ ក៏មានការប្រកាស់ផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងបំពាក់សក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចំនួន១០៨រូប អនុឯក ចំនួន១៧រូប អនុទោ ចំនួន៤៥រូប អនុត្រី ចំនួន៣១រូប ព្រិន្ទឯក ចំនួន១២រូប និងថ្នាក់ព្រិន្ទបាលទោចំនួន០៣រូបផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ​បានដឹកនាំប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ដីពី ការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់។

ក្រោយបញ្ចប់កិច្ចប្រជុំ នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានយ៉ាងដូច្នេះថា «អ្នកដែលកាន់កាប់ឯកសារមិនប្រក្រតី រហូតមកដល់បច្ចុប្បន្ននេះជាង៧ម៉ឺននាក់ អញ្ចឹងយើងប្រកាសបដិសេធឯកសារទាំងអស់នោះ មាន៦មុខដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនជាដើម ដោយធ្វើការដកហូតពីពួកគាត់ ដោយឯកសារទាំងអស់នេះពុំមានប្រសិទ្ធិភាពក្នុងការប្រើប្រាស់តទៅទៀតទេ»

បើតាមនាយឧត្តមសេនីយ៍ សុខ ផល បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចប្រកាសដកហូតចោលឯកសារទាំងអស់នេះ គឺជនបរទេសទាំងនោះ នឹងឲ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួន ហើយបើអ្នកស្នាក់នៅយូរអាចឲ្យដាក់ពាក្យ សុំក្លាយជាជនអន្ដោប្រវេសន៍ស្របច្បាប់។

នាយឧត្តមសេនីយ៍បានបន្ដទៀតថា រហូតមកដល់បច្ចុប្បន្ននេះជនបរទេស ជាង១៩,០០០នាក់ហើយ ដែលអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅប្រទេសរបស់គេវិញ។

ក្រោយផ្សព្វផ្សាយអនុក្រឹត្យស្ដីពីលុបចោល និងដកហូតឯកសារមិនប្រក្រតីពីជនបរទេសនៅថ្ងៃនេះរួចមក សមត្ថកិច្ច នឹងចុះទៅអនុវត្តន៍ត្រួតពិនិត្យលើករណីទាំងនេះ នៅតាមរាជធានី-ខេត្ត ដែលអាចធ្វើឡើងនៅខែនេះ ឬខែក្រោយតែម្ដង។ នេះបើតាមការបញ្ជាក់បន្ថែមពីនាយឧត្តមសេនីយ៍ សុខ ផល៕