(កំពង់ធំ)៖ អាជ្ញាធរស្រុកសណ្តាន់ ខេត្តកំពង់ធំ មន្រ្តីបរិស្ថាន និងប្រជាពលរដ្ឋមូលដ្ឋាន បានរៀនចំពិធីសែនលោកតា លាបំណន់ និងសុំសេចក្តីសុខ នៅភូមិ៍ច្រកតោល បន្ទាប់ពីមានជម្ងឺរាតត្បាត កាចសាហាវ បណ្តាលឲ្យស្លាប់មនុស្សជាកាលពីពេលកន្លងទៅ ដោយថ្វាយគោដុត និងជ្រូកខ្វៃ។

ពិធីសាសនាខាងលើនេះ បានធ្វើឡើងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ដែលអាជ្ញាធរមន្ត្រី ឧទ្យានុរក្សបរិស្ថាន និងប្រជាពលរដ្ឋភូមិ៍ច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយបានរៀបចំពិធីសែនលោកតា ថ្វាយគោ ដុតជ្រូកខ្វៃ ដើម្បីលាមាត់-ក ក្រោយមានជម្ងឺរាតត្បាតកាចសហាវកន្លងទៅថ្មីៗ ស្លាប់មនុស្សជាច្រើននាក់ និងអ្នកខ្លះមានអារៈឈឺហើម ធ្ងន់ស្រាល រហូតបង្ខំបងប្អូនប្រជាពលរដ្ឋមួយជាច្រើននាក់ សម្រេចចាកចេញពីលំនៅដ្ឋានទៀតផង។

មន្រ្តីអាជ្ញាធរមូលដ្ឋានបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះថា «រហូតដល់ពេលនេះ ជាងមួយខែ អ្នកជម្ងឺទាំងអស់បានជាធូរស្រាលស្ទើរ១០០% និងគ្រួសារប្រជាពលរដ្ឋមួយចំនួនធំ បានវិលត្រឡប់មកលំនោដ្ឋានវិញ ទើបថ្ងៃនេះ បងប្អូននៅមូលដ្ឋាននេះ បានមូលមាត់គ្នា រៀបចំពិធីនេះលើង បំណងសុំនូវសេចក្តីសុខផងទាំងពួង»។

គួររំលឹកថា មន្ត្រីឧទ្យានុរក្សបរិស្ថានព្រៃឡង់ និងប្រជាពលរដ្ឋស្លាប់សរុប៨នាក់ ដោយសារជម្ងឺរត្បាតខាងលើនេះ ប៉ុន្តែត្រូវបានគេសិក្សាស្រាវជ្រាវដោយគ្រូពេទ្យជំនាញ នៃក្រសួងសុខាភិបាលរកឃើញថា ជនរងគ្រោះមានជម្ងឺនេះ ដោយសារបានបរិភោគសាច់សត្វនៅឆៅមិនបានចំអិនល្អ និងផឹកស្រាគ្មាប្រភពច្បាស់លាស់។ បើទោះជាបែបនេះក្តី និងមានការចុះផ្សព្វផ្សាយអប់រំអំពីសុខភាព អនាម័យហូបស្អាតពីអាជ្ញាធរមូលដ្ឋានយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅភូមិ៍ច្រកតោល នៅតែមានជំនឿដោយអបិយជំនឿ ពីដូនតារហូត រៀបចំពិធីតាមទំនៀមទំលាប់នៅពេលនេះ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីផ្ទុះករណីប្រជាពលរដ្ឋតំបន់ច្រកគោល ក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ពុលអាហារស្លាប់ ក្នុងនោះមានមន្ត្រីបរិស្ថានម្នាក់ផងដែរនោះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារបានចុះសាកសួរសុខទុក្ខ នាំយកអំណោយទៅចែកជូន ប្រជាពលរដ្ឋចំនួន៣៣គ្រួសារ និងណែនាំអប់រំអំពីជំនឿអរូបិយ កុំព្រួយបារម្ភ និងចង់ជំលៀសចេញពីតំបន់ច្រកតោល (តំបន់ព្រៃឡង់) នេះអី។

នាឱកាសនោះដែរ លោក សុខ លូ បានពន្យល់អប់រំណែនាំ ដល់បងប្អូនប្រជាពលរដ្ឋទំាងអស់ កុំមានការភ័យខ្លាយ ព្រួយបារម្ភនៅជំនឿអរូបិយនេះ អ្វីដែលសំខាន់នោះ បងប្អូនត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាពិសេសកុំបរិភោគសាច់ដែលចម្អិនមិនឆ្អិនល្អ ត្រូវបរិភោគទឹកដាំពុះ ដែលធានាថាមានសុវត្ថិភាព មិនត្រូវប្រើប្រាស់ទឹកតាមដងអូរក្នុងព្រៃ។

លោក បន្ដថា ត្រូវប្រុងប្រយ័ត្នអំពីការយាយី ពីសត្វចម្លងជម្ងឺនានា ជាពិសេសមូសដែកគោលញី ដែលបង្ករឲ្យកើតជម្ងឺគ្រុនចាញ់ ត្រូវគេងក្នុងមុងជ្រលក់ថ្នាំជានិច្ច មិនត្រូវផឹកស្រាដែលពុំមានប្រភពច្បាស់លាស់ ដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវ ពីមន្ត្រីជំនាញ និងស្រាដែលគេទុកចោល។

សម្រាប់វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ​នៃ​ក្រសួង​សុខាភិបាល ធ្លាប់បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា នាយកដ្ឋានបានបញ្ជូនមន្រ្តីជំនាញ ចុះអង្គេតស្រាវជ្រាវនៅមូលដ្ឋាន និងរកឃើញថា មានប្រជាពលរដ្ឋបានបរិភោគសាច់ព្រៃមិនបានចំអិនល្អ និងប៉ះពាល់អាយុជីវិតកន្លងមកផងដែរ មន្ត្រីយើងបានចុះអប់រំ ផ្ទាល់នៅទីកន្លែង និងពុំរកឃើញមានករណីកើតឡើងថ្មីទៀតទេ។

ក្រសួងសុខាភិបាល សូមអំពាវនាវដល់ប្រជាជនដែលរស់នៅក្បែរព្រៃទាំងអស់ សូមបរិភោគសាច់ចំអិនល្អ និងកុំបរិភោគសាច់ព្រៃឆៅឲ្យសោះ ព្រោះអាចរងគ្រោះដូចកើត មានកន្លងមកនេះ។ មន្ត្រីជំនាញកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្រសួងសុខាភិបាល ពេលនោះក៏បានបញ្ជូនមន្រ្តីជំនាញថ្នាក់ជាតិបន្ថែមទៀត ព្រមទាំងចែក ឱសថព្យាបាល និងការពារជំងឺព្រូន Trichenolla Spiralis ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឲ្យប្រាកដថា ពុំមានប្រជាពលរដ្ឋរងគ្រោះឡើយ៕