(ហ្វីលីពីន)៖ បណ្តារដ្ឋមន្ត្រីការពារអាស៊ានទាំង១០ប្រទេស រួមមានគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយសម្តេចពិជយ័សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការជាតិនៃកម្ពុជា បានមកជួបជុំគ្នាទីក្រុង Clark ខេត្ត Pampanga ប្រទេសហ្វីលីពីនថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រជុំរដ្ឋមន្ត្រីការពារអាស៊ានលើកទី១១ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំប្រជុំរដ្ឋមន្ត្រីការពារអាស៊ានលើកទី១១ នៅប្រទេសហ្វីលីពីន បានប្រព្រឹត្តទៅក្រោមទឹសស្លោក «ការធ្វើជាដៃគូសម្រាប់ផ្លាស់ប្តូរ ទំនាក់ទំនង ពិភពលោក»។

លោក Delfin Lorenzana រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន បានថ្លែងបើកកិច្ចប្រជុំដោយបានសំដែងនូវក្តីសោមនស្សរីករាយ ដែលប្រទេសហ្វីលីពីនបានទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ជាពិសេសក្នុងឱកាសប្រារព្ធខួបលើកទី ៥០ ឆ្នាំនៃការបង្កើតនៃសហគមន៍អាស៊ាន។

លោក Delfin Lorenzana បានសំដែងការកោតសរសើរចំពោះការគាំទ្រ និងជួយជ្រោមជ្រែងដល់ការធ្វើជាប្រធានរបស់អាស៊ានឆ្នាំ ២០១៧។ ក្នុងការចូលរួមមានមតិនៅក្នុងកិច្ចប្រជុំរដ្ឋ មន្ត្រីការពារជាតិអាស៊ានលើកទី១១ បណ្តាលរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានសំដែងការអបអរសាទរចំពោះ កងទ័ពហ្វីលីពីនដែលបានទទួលជ័យជំនះដណ្តើមបានមកវិញតំបន់ ម៉ារ៉ាវី ពីក្រុមឧទ្ទាមឥស្លាម។
នៅក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋអាស៊ាន ទាក់ទងទៅនិងបញ្ហា សន្តិសុខ និង គំនិតផ្តួចផ្តើមជាច្រើនទៀត។តាមរយៈកិច្ចពិភាក្សានោះបានបង្ហាញអោយឃើញថា៖ ក្នុងបរិបទថ្មី អាស៊ានត្រូវបង្កើនបរិស្ថានមួយអោយបានល្អដើម្បីនាំមកនូវការរីកចំរើន។ ទាក់ទងទៅនឹងបញ្ហាសន្តិសុខ កិច្ចប្រជុំបានលើកឡើងពីតួនាទីកងទ័ពក្នុងប្រទេសអាស៊ាន ដែលត្រូវធ្វើយ៉ាងណារក្សាតំបន់អាស៊ានអោយបានរឹងមាំ និង មានសន្តិភាពសំរាប់ការរីកចំរើន និងកំណើនសេដ្ឋកិច្ច។

កិច្ចប្រជុំបានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តការក្នុងចំណោមបណ្តាលប្រទេសអាស៊ានដើម្បីរក្សាសន្តិភាព និង ស្ថេរភាពក្នុងតំបន់។ ភាពជាដៃគូរក្នុងអាស៊ាន បានបង្ហាញឲ្យឃើញនូវការឯកភាព ក្នុងការកសាងអាស៊ានមួយជាតំបន់ដែលមានប្រជាជនរស់នៅក្នងភាពរីកចំរើន និង សន្តិភាព ។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១១នោះ កិច្ចប្រជុំបានអនុមត័នូវឯកសារចំនួន ១០ ដែលមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន បានប្រជុំកាលពីខែមេសា ឆ្នាំ ២០១៧ កន្លងមក ។