(ភ្នំពេញ)៖ មានករណីមួយបង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងនគរបាល និងប្រជាពលរដ្ឋ ដោយស្ដ្រីម្នាក់បានបំភ្លើសសភាពការណ៌ថាចោរប្លន់លុយ នៅវេលាម៉ោង៩យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៦៨ EO ផ្លូវលេខ១១០ ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនអ្នកបំភ្លើសសភាពការណ៌ ឈ្មោះ ស៊ុន រដ្ឋា ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរនៅផ្ទះ និងមានប្ដីឈ្មោះ ង៉ែត ញ៉ អាយុ៦១ឆ្នាំ។
ប្រភពពីមន្ដ្រីនគរបាលបានបញ្ជាក់ថា ឈ្មោះ ស៊ុន រដ្ឋា ឆ្លៀតពេលប្ដីឈ្មោះ ង៉ែត ញ៉ អាយុ៦១ឆ្នាំ មិននៅផ្ទះបានបំភ្លើសសភាពការណ៌ថា ចោរប្លន់យកលុយនៅក្នុងផ្ទះអស់ចំនួន១,០០០ដុល្លារ និង៨០០,០០០រៀល ដោយចោទថាមានជនល្មើស២នាក់ មកចូលយកកូនកាំបិតភ្ជង់ ប្លន់យកលុយខាងលើហើយគេចខ្លួនបាត់ ហើយឈ្មោះ ស៊ុន រដ្ឋា បានមកប្ដឹងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣។
តាមការបំភ្លឺអះអាងរបស់ឈ្មោះ ជន បញ្ញារស្មី ភេទប្រុស អាយុ៨ឆ្នាំ ជាចៅដែលរស់នៅជាមួយឈ្មោះ ស៊ុន រដ្ឋា ជាយាយ បានឲ្យដឹងថានៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ខ្លួនបានឃើញយាយខ្លួនឈ្មោះ ស៊ុន រដ្ឋា ឆ្លៀតពេលជីតាខ្លួនឈ្មោះ ង៉ែត ញ៉ កំពុងតែដេកលក់នៅផ្ទះ ហើយបានទុកកូនសោរកេស ដាក់លុយនៅជាប់កង់ ភ្លាមនោះជីដូនខ្លួនឈ្មោះ ស៊ុន រដ្ឋា បានយកកូនសោរកេសយកទៅចម្លងទុកសម្រាប់ យកលុយជីតារបស់ខ្លួន លុះមកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ឆ្លៀតពេលជីតាខ្លួនទៅយាមជាសន្តិសុខ យាយរបស់ខ្លួនក៏បាន យកកូនសោរកេសដែលចម្លងរួចហើយ យកលុយចំនួន០២ដុំដាក់នៅក្នុងថង់ពណ៌ខ្មៅ រួចយាយរបស់ខ្លួន ក៏យកលុយទៅលាក់ទុកបាត់ រួចយាយក៏មករើកកាយខោអាវនៅក្នុងផ្ទះធ្វើដូច មានចោរចូលប្លន់ ហើយនាំរូបខ្លួនមកទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ថាមានចោរចូល ប្លន់យកលុយ ទើបមានសមត្ថកិច្ចចុះទៅកន្លែងកើតហេតុតែម្ដង ហើយនៅក្នុងផ្ទះរបស់ខ្លួន គឺជីតាខ្លួនជាអ្នកទុកដាក់លុយកាក់ និងកូនសោរកេសដាក់លុយ៕