(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាតេជ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

យោងតាមការជូនព័ត៌មានរបស់ក្រសួងការបរទេសចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា សម្តេចតេជោ នឹងត្រូវអមដំណើរដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។

ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដី ក្នុងពិធីនេះ គឺដើម្បីសម្តែងសមានចិត្ត និងមរណទុក្ខដ៏ស្មោះស្ម័គ្រថ្វាយ និងជូនចំពោះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជនថៃ ព្រមទាំងសម្តែងការគោរពចុងក្រោយចំពោះព្រះវិញ្ញាណក័្ខន្ធអតីតព្រះមហាក្សត្រថៃ ដែលបានសោយទីវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦៕