(ភ្នំពេញ)៖ ឈ្លោះគ្នាជាមួយប្រពន្ធខ្លាំងពេក បុរសម្នាក់ជាមន្ដ្រីនគរបាលឋានន្ដរស័ក្ដិថ្នាក់ អនុសេនីយ៍ត្រី បានទាញកាំភ្លើងខ្លី បាញ់ប្រហារមេឃចំនួន៤គ្រាប់ ដើម្បីបន្សាបកំហឹង ប៉ុន្ដែត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនភា្លមៗ នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវលេខ៧៥ កែង៨៤ ទល់មុខសណ្ឋាគារហូលីដេ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ឲ្យដឹងថា ជនបង្កឈ្មោះ លេង ធារ៉ា មុខរបរជាមន្ដ្រីនគរបាល មានឋានន្ដរស័ក្ដិ អនុសេនីយ៍ត្រី។
ប្រភពព័ត៌មានមូលដ្ឋាន បានឲ្យដឹងថា ការបាញ់បោះយ៉ាងអាណាធិបតេយ្យទាំងកណ្តាលយប់នេះ គឺដោយសារ ជនបង្កមានទំនាស់ជាមួយប្រពន្ធ ដែលធ្វើការងារក្នុងសណ្ឋាគារហូលីដេ ក្រោយពេលកើតហេតុជនបង្កត្រូវបាន កម្លាំងកងរាជអាវុជហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានភ្លាមៗ នៅកន្លែងកើតហេតុ។
បើតាមអ្នកដែលឃើញហេតុការណ៍ បានបញ្ជាក់ថា ថាជនបង្កខាងលើជិះរថយន្តមួយគ្រឿង ម៉ាក Lexus ដោយបើកតាមបណ្តោយផ្លូវលេខ៧៥ ស្រាប់តែមកជិតដល់ក្លឹប បានដកកាំភ្លើងបាញ់ ៤គ្រាប់តែម្តង បន្ទាប់ពីបាញ់ហើយជនបង្កបានបើករថយន្ត មកឈប់នៅមុខក្លឹប ហើយក៏ត្រូវអាវុធហត្ថឃាត់ខ្លួនតែម្ដង។
ក្រោយឃាត់ខ្លួនខ្មាន់កាំភ្លើង ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បញ្ជូនទៅទីបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ ដើម្បីបន្ដការនាំ និងចាត់វិធានការតាមច្បាប់៕