(ព្រះវិហារ)៖ តូបលក់ដូររបស់អាជីវករចំនួន១២តូប នៅក្នុងផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង ត្រឹមតែរយៈពេលប្រហែលមួយម៉ោង នៅវេលាម៉ោង១០៖១៥នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិឡអិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
លោកវរសេនីយ៍ទោ គង់ គា អធិការនគរបាលក្រុងព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះថា ករណីឆេះតូបក្នុងផ្សារកំពង់ប្រណាកនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កជាភ្លើងឆេះខូចខាតទាំងស្រុងអស់១២តូប ស្មើនិង៣ម្ចាស់។
លោកបន្តថា ក្នុងហេតុការណ៍នេះកម្លាំងនគរបាលរបស់៣០នាក់ និងកម្លាំងស្នងការ៥០នាក់ បានចុះអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ៣គ្រឿង ក្នុងនោះបាញ់ទឹកអស់៥រថយន្ត ទើបបណ្តាលឲ្យភ្លើងរលត់ទាំងស្រុង។
ក្នុងហេតុការណ៍នោះ គេសង្កេតឃើញវត្តមាន លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដឹកនាំមេបញ្ជាការកងកកម្លាំងទាំង៣របស់ខេត្ត ឈរចាំបញ្ជាត្រួតពិនិត្យមើលរាល់សកម្មភាពនៅទីនោះផងដែរ ដែលនេះបង្ហាញឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់ យប់ព្រលប់នោះទេ ហើយបើមិនមានការចូលរួមអន្តរាគមន៍ពីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទេនោះ ម្លេះតូបផ្សាររបស់អាជីវករ និងឆេះរាលអស់ច្រើនជាងនេះមិនខាន។
ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋពិសេសអាជីវករក្នុងផ្សារកំពង់ប្រណាកទាំងមូល បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តព្រះវិហារ ដែលបានជួយអន្តរាគមន៍ពន្លត់បានទាន់ពេលវេលា៕