(ហ្វីលីពីន)៖ នៅក្នុងឱកាសទទួលរៀបចំធ្វើជាម្ចាស់នៃកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិ អាស៊ានលើកទី១១ (ADMM) និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក (ADMM-Plus) ក្រសួងការពារជាតិ នៃប្រទេសហ្វីលីពីន បានរៀបចំកិច្ចក្រៅផ្លូវការចំនួន៣ក្នុងនោះរួមមាន៖ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-អាមេរិក កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-ចិន និង កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-ជប៉ុន។
 
កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-ចិន នៅប្រទេសហ្វីលីពីន នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ បានដឹកនាំកិច្ចប្រជុំដោយលោក Delfin Lorenzana រដ្ឋមន្ដ្រីក្រសួងការពារជាតិហ្វីលីពីន និង ជាប្រធានកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានលើកទី១១ និងនាយឧត្តមសេនីយ៍ Chang Wanquan រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និង មានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិអាស៊ាន ទាំង១០ប្រទេស។

ថ្លែងនៅកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន -ចិន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ ប្រទេសចិនជាដៃគូអាស៊ានមួយ ដែលមិនអាចខ្វះបាន។ ប្រទេសចិន បានក្លាយជាដៃគូសន្ទនាជាមួយអាស៊ានដ៏សំខាន់មួយតាំងពីឆ្នាំ១៩៩៦។ ប្រទេសចិនបានដើរតួយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព វិបុលសុខ និងនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប្រទេសចិនបានក្លាយជាសមាជិកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក តាំងពីពេលដែលយន្តការនេះបានចាប់កំណើតនៅឆ្នាំ២០១០។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា៖ ប្រទេសចិនបានរួមចំណែកដោយមិនហត់នឿយ ដើម្បីបង្កើតឱ្យបាននូវមូលដ្ឋានមូលដ្ឋានដ៏រឹងមាំ និងបង្កើនសមត្ថភាពសម្រាប់ប្រទេសសមាជិកអាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខថ្មីៗ ជាពិសេសការគំរាមកំហែងសន្តិសុខមិនប្រពៃណី។

ប្រទេសចិនបានអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយ ប្រទេសសមាជិកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដោយមិនត្រឹមតែជួយកសាងសមត្ថភាព ក្នុងការធ្វើប្រតិបត្តិការរួមគ្នា ចំពោះយោធារបស់អាស៊ានតែប៉ុណ្ណោះទេ តែក៏បានលើកកម្ពស់ការយល់ពីគ្នា និងបង្កើនទំនុកចិត្តរវាងគ្នាទៅវិញទៅមក។ សម្តេចពិជ័យសេនា មានការជឿជាក់ថា៖ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន នឹងកាន់តែប្រសើរឡើងសម្រាប់ប្រយោជន៍ប្រជាជនទាំងអាស៊ាន និង ចិន តាមរយៈការលើកកម្ពស់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។

ដោយឡែកនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-ជប៉ុន ដែលមានការចូលរួមពីលោក Itsunori Onodera រដ្ឋមន្ត្រីការពារជាតិជប៉ុន សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ រាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន បានផ្តល់ជំនួយ និងការគាំទ្រសំខាន់ៗជាបន្តបន្ទាប់ដល់ប្រទេសកម្ពុជាលើគ្រប់វិស័យ និងនៅក្នុងគ្រប់កាលៈទេសៈ។

ជប៉ុនក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សារជាតិរបស់ប្រទេសកម្ពុជា ដែលបានបញ្ចប់ដោយជោគជ័យនូវសង្គ្រាមអូសបន្លាយ និងនាំសន្តិភាពពេញលេញដល់ប្រជាជាតិ ទាំងមូល។ សម្ដេចពិជ័យសេនា ទៀ បាញ់បានសង្កត់ធ្ងន់ថា៖អ្វីដែលគួរឱ្យកត់សំគាល់នោះ គឺជប៉ុនបានផ្តល់ជំនួយបច្ចេកទេស និងការកសាងសមត្ថភាពដល់ប្រទេសកម្ពុជាក្នុងវិស័យដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ព្រមទាំងប្រតិបត្តិការថែរក្សាសន្តិភាព។

តាមរយៈកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន - ជប៉ុន នាពេលនោះ សម្ដេចពិជ័យសេនា បានបញ្ជាក់បន្ថែមថា៖ អាស៊ាន និងជប៉ុន មានទំនាក់ទំនងយូរអង្វែង ដែលផ្សារភ្ជាប់ទំនាក់ ទំនងដោយមិត្តភាពដ៏ស្មោះស្ម័គ្រ និងសាមគ្គីភាព។ សម្ដេចបានបន្តថា ៖ បន្ថែមពីលើសេចក្តីផ្តួចផ្តើមជាច្រើនរបស់អាស៊ាន-ជប៉ុន «ទស្សនវិស័យទីក្រុងវៀងចន្ទ» គឺតំណាងឱ្យកម្លាំងចលករ ដ៏ធំមួយទៀត ក្នុងការពង្រឹងកិច្ចសហប្រតិ-បត្តិការអាស៊ាន-ជប៉ុន នៅក្នុងទិដ្ឋភាពជាច្រើន តួយ៉ាងដូចជានៅក្នុង វិស័យការពារជាតិ សន្តិសុខ និងការកសាងសមត្ថភាព ដើម្បីដោះ-ស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត៕