(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ដែលជាថ្ងៃខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៧) បានបង្ហាញនូវកិច្ចដំណើរការដោះគ្រាប់មីន គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីលើយន្តហោះ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅប្រទេសកម្ពុជា ដោយរយៈពេល២៥ឆ្នាំមកនេះ ដោះបានគ្រាប់ជិត៤លានគ្រាប់ និងរំដោះផ្ទៃដីបានជិត២ពាន់គីឡូម៉ែត្រក្រឡា។
លោក ហេង រតនា បានបញ្ជាក់ឲ្យដឹងថា ក្រោយកិច្ចព្រមព្រៀង ក្រុងប៉ារីស ឆ្នាំ១៩៩១ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ជាមួយអង្គការសហប្រជាជាតិ បានបង្កើតអង្គភាពស៊ីម៉ាក់ ឡើងនៅឆ្នាំ១៩៩២ ដើម្បីបោសសំអាតគ្រាប់មីន ធានាសុខសុវតិ្ថភាពជនភ្លៀសខ្លួន មកពីជំរុំនានា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោកបន្តថា ជាបន្តបន្ទាប់អង្គភាពស៊ីម៉ាក់ បានក្លាយខ្លួនជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងសកម្មភាពកំចាត់មីននេះ។ ស៊ីម៉ាក់បានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយជាតិ ដើម្បីលុបបំបាត់សំណល់ជាតិផ្ទុះ ពីសង្គ្រាមរួមមានគ្រាប់អាវុធគីមី គ្រាប់បែកចង្កោម គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រាប់ប្រភេទ និងគ្រាប់មីន ដើម្បីសុខសុវត្ថិភាព ប្រជាជននិងសង្គមជាតិ!។
លោកបន្ថែមទៀតថា វិសយ័សកម្មភាពមីន ដែលជាបេសកកម្ម ដើម្បីលុបបំបាត់ការឈឺចាប់ និងភាពភ័យខ្លាច របស់ប្រជារាស្ត្រខែ្មរ ដោយសារសង្គ្រាមមាន អាយុជាង៣៤ឆ្នាំ! ប្រជាជនកម្ពុជាបានស្គាល់រសជាតិ នៃសន្តិភាពជាថី្ម ទើបតែមានអាយុចំនួន១៩ឆ្នាំ (១៩៩៨-២០១៧) ប៉ុណ្ណោះ។
ពាក់ព័ន្ធបញ្ហាគ្រាប់បែកគីមីរបស់អាមេរិក ដែលកំពុងស្ថិតក្នុងប្រធានបទក្តៅនោះ ត្រូវបានលោក ហេង រតនា សង្កាត់ធ្ងន់ថា «មានគេចោទប្រកាន់រាជរដ្ឋាភិបាលថា យកបញ្ហាគ្រាប់បែកទំលាក់ពីយន្តហោះ ជាអាវុធគីមីជារឿងមនុស្សធម៌ មកធ្វើរឿងនយោបាយទៅវិញ? តាមពិតរឿងគ្រាប់បែកជាអាវុធគីមីគឺ ជាការឈឺចាប់របស់ប្រជារាស្ត្រខែ្មរ យូរយារណាស់ហើយ តាំងពីឆ្នាំ១៩៦៤ ដែលកាលណោះបានប្តឹង ទៅអង្គការសហប្រជាជាតិដែរ! តែឥឡូវនេះទើបតែដឹងថា និងបានឃើញវានៅសល់ តាមភូមិដ្ឋានដែលនៅមានឥទ្ធិពលខ្លាំងយ៉ាងនេះ! នៅពេលទំលាក់គ្រាប់ទាំងនោះថា ទំលាក់ជាសំងាត់! ហើយនៅពេលឃើញការពិត នៅសម័យ Facebook នេះត្រូវទុកជាការសំងាត់ទៀត ឬយ៉ាងម៉េច? បើមិនឲ្យអ្នកនយោបាយ និងអ្នកដឹកនាំបកស្រាយ រៀបចំជាគោលនយោបាយ និងជាយុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាជូនប្រជាជននិងប្រទេសជាតិនេះ តើឱយអ្នកណាជាអ្នកធ្វើ? ទន្ទឹងនឹងនេះ វាមានច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលកម្ពុជាក្នុងនាមរដ្ឋភាគី ត្រូវតែអនុវត្តតាមអណតិ្តរបស់ខ្លួន!»។
អគ្គនាយកស៉ីម៉ាក់រូបនេះបានបន្ថែមថា វិស័យមីនបានទទួលជោគជ័យ ដោយសារជានយោបាយយ៉ាងសំខាន់ របស់រាជរដ្ឋាភិបាល ដែលទទួលការគាំទ្រយ៉ាងខ្លាំងក្លា ពីព្រះមហាក្សត្រ ព្រឹទ្ធិសភា រដ្ឋសភាជាតិ និងប្រមុខរាជរដ្ឋាភិបាល រហូតដល់ប្រជាពលរដ្ឋតាមគ្រប់មូលដ្ឋាន។ ជាមួយនេះបានទទួលការគាំទ្រជាជំនួយសំភារៈ បច្ចេកទេស និងថវិកាពីប្រទេសជាច្រើន លើសកលលោករួមមាន អូស្ត្រាលី នូវែហ្សេឡង់ ជប៉ុន កូរេខាងត្បូង ចិន ឥណ្ឌា កាណាដា អាមេរិក អង់គ្លេស ហ្វាឡង់ នរ័វេស្ស ស៊ុយអ៊ែត ដាណឺម៉ាក់ បែលហ្សិក អេស្បាញ អាលឺមង់ អង្គការសហប្រជាជាតិ ភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ JICA, AusAids, SIDA, CEDA, អង្គការក្រៅរដ្ឋាភិបាលរួមមាន អង្គការ JMAS, អង្គការNPA, MAG, Golden West, Halo Trust, Care International, APOPO និងHandicap ជាដើម។ល។
លោក ហេង រតនា បានបញ្ជាក់បន្ថែមទៀតថា «កិច្ចការនេះគិតរយៈពេលជាង២៥ឆ្នាំ អាចចំណាយជាងមួយពាន់លានដុល្លារហើយ។ ហើយដៃគូរដែលបានផ្តល់ជំនួយច្រើនជាងគេមាន ជប៉ុន អូស្ត្រាលី អាលម៉ង់ អង់គ្លេស សហគមន៍អឺរ៉ុប សហរដអាមេរិក អង្គការសហប្រជាជាតិ និងភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ JICA ហើយរាជរដ្ឋាភិបាលបានចំណាយទាំងស្រុង លើគំរោងគាំទ្រការអភិវឌ្ឍន៍ និងយន្តការដឹកនាំរបស់រដ្ឋ!»។
លោកអគ្គនាយកបានឲ្យដឹងទៀតថា ដោយសារនយោបាយ និងយុទ្ធសាស្ត្រ រួមរវាងប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ ទើបកម្ពុជារុករក និងកំទេចចោលគ្រាប់មីន គ្រាប់បែកចង្កោម គ្រាប់បែកទំលាក់ពីយន្តហោះ និងគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទ បានជិត៤លានគ្រាប់ និងរំដោះផ្ទៃជិត២០០០គីឡូមែត្រក្រឡា។ សុំបញ្ជាក់បញ្ហាសំណល់ជាតិផ្ទុះ ពីសង្គ្រាមចែកជាពីរចំណែកសំខាន់ គឺ១៖ ដោយសារសង្គ្រាមស៉ីវិលផ្ទៃក្នុង និង២៖ ដោយសារសង្គ្រាមឈ្លានពាន។ ចរិកនិងទំហំបញ្ហាមិនដូចគ្នាទេ៕