Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលក្រុងបាត់ដំបង ចុះបង្រ្កាបផ្ទះបនល្បែងអាប៉ោង ឃាត់មនុស្ស១០នាក់ បញ្ជូនមកស្នងការខេត្ត

23-10-2017 18:05

(បាត់ដំបង)៖ កម្លាំងនគរបាលក្រុងបាត់ដំបង បានចុះបង្រ្កាបផ្ទះបនល្បែងស៊ីសងអាប៉ោង ដោយឃាត់ខ្លួនមនុស្សបាន ១០នាក់ និងវត្ថុតាងមួយចំនួន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្រុមទី២៩ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

លោក ប៉ាង ហៀង អធិការនគរបាក្រុងបាត់ដំបង បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក អ៊ុច សុខុន ស្នងការនគបាលខេត្តបាត់ដំបង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពីលោក ចាន់ សុយុទ្ធាសា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង បានចុះធ្វើការបង្ក្រាបទីតាំងកន្លែងលេងលួចលាក់អាប៉ោងខុសច្បាប់មួយកន្លែង នៅត្រង់ចំណុចខាងលើ។

លោកអធិការបានបញ្ជាក់ថា ម្ចាស់ទីតាំងដែលសមត្ថកិច្ចបានឃាត់ខ្លួនមានឈ្មោះ សោម ដាវី ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាងលើ។ វត្ថុតាងសម្ភារដែលបានដកហូតដករួមមាន មេអាប៉ោងចំនួន៧គ្រាប់ កម្រាលចំនួន១ ចានអាប៉ោងចំនួន១ តុឈើចំនួន១ កៅអីជ័រចំនួន១ លុយខ្មែរចំនួន ១,៣៥០,០០០រៀល ម៉ូតូចំនួន៣គ្រឿង មនុស្សចំនួន១០នាក់ (ស្រី ៦នាក់)។

បច្ចុប្បន្ន មនុស្ស និងសម្ភារខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមច្បាប់៕