(ត្បូងឃ្មុំ)៖ ពិតជាគួរឲ្យអាសូរណាស់ ២នាក់ប្ដីប្រពន្ធត្រូវបានឃាតកដៃឆៅ ចូលទៅសម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត នៅភូមិទី៥ ឃុំរការខ្នុរ ស្រុកក្រូចឆ្នារ ដោយបន្សល់ទុកកូន២នាក់ ម្នាក់ស្រី និងម្នាក់ទៀតប្រុសឲ្យនៅកំព្រាឯការគ្មានមេបា។
ជុំវិញករណីឃាតកម្មដ៏សាហាវនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ប្រាប់មកអង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះថា ករណីឃាតកម្មនេះ កើតឡើងនៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ហើយជារឿងគំនុំសុទ្ធសាតតែម្ដង មិនមែនជារឿងប្លន់សម្លាប់យកទ្រព្យនោះទេ។
មូលហេតុដែលលោកស្នងការ ហ៊ានអះអាងយ៉ាងដូច្នេះ ក៏ព្រោះតែនៅក្នុងខ្លួនរបស់ជនរងគ្រោះទាំង២ មានលុយមួយចំនួន នៅក្នុងហោប៉ាវ និងទ្រព្យសម្បត្តិមួយចំនួន មិនត្រូវបានបាត់បង់នោះឡើយ។
ប៉ុន្ដែទោះជាយ៉ាងណា រហូតមកដល់ពេលម៉ោងនេះ លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា កម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនដែលជាឃាតកដៃឆៅ មកផ្ដន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។
សូមជម្រាបថា ករណីឃាតកម្មស្រដៀងគ្នានេះ ក៏បានកើតឡើងមួយករណីផងដែរ នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅភូមិដងក្ដា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយឃាតកដៃឆៅមួយក្រុមបាញ់សម្លាប់ជនរងគ្រោះ២ យ៉ាងសាហាវព្រៃផ្សៃបំផុត ខណៈដែលជនរងគ្រោះទាំង២នាក់ កំពុងបើករថយន្ដចេញពីរោងចក្រកែច្នៃកៅស៊ូ៕
ករណីនៅកំពង់ធំ