(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាថ្មីម្ដងទៀត បានប្រកាសថា ការអនុវត្តន៍សម្រាប់លោក កឹម សុខា គ្មានការរាថយនោះឡើយ ហើយការអនុវត្តន៍ផ្លូវច្បាប់នេះ គឺជារឿងប្រសើរជាងការប្រើអាវុធ។

​​សម្តេចនាយករដ្ឋមន្ដ្រី បានអះអាងថា សមិទ្ធផលដែលខិតខំសម្រេចបាននេះ ត្រូវតែរួមគ្នាការពារមិនត្រូវឲ្យជនក្បត់ជាតិក្រោមការបង្គាប់បញ្ជា របស់បរទេសណាម្នាក់មកបំផ្លិចបំផ្លាញបាននោះឡើយ។​

សម្ដេចតេជោ​ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមមេត្ដាកុំមកចង់ផ្ដួលរំលំដោយផ្លូវកាត់ឲ្យសោះ អ្នកមិនអាចទៅរួចទេ ហើយអ្នកក៏មិនអាច នឹងគេចវេសពីសំណាញច្បាប់បានដែរ អំពើរបស់អ្នកត្រូវតែផ្ដន្ទាទោសហើយ ហើយការអនុវត្តផ្លូវ​ច្បាប់ប្រសើរជាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ [...] យើងចេញដំណើរពីស្ថានភាពដ៏លំបាក​រហូតមកដល់ពេលនេះ យើងធ្វើបានប៉ុណ្ណេះចាំបាច់ត្រូវតែរក្សាឲ្យបាន មិនត្រូវឲ្យជនក្បត់ក្រោ​មបញ្ជារបស់បរទេសណា មកបំផ្លិចបំផ្លាញ»

ការមានប្រសាសន៍​ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងឱកាសសម្ដេច អញ្ជើញ​បើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកា ប្រមាណ៣៥លានដុល្លារអាមេរិក​។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា សូមកុំនិយាយថាសម្តេច កម្ចាយដៃគូនយោបាយ តែដោយសារតែដៃគូ​នយោបាយរបស់សម្តេច តាំងខ្លួនជាសត្រូវ​ជាមួយសម្តេច។ សម្ដេចក៏បានបន្ថែមថា បើវ៉ៃពោះត្រូវវៃតែក្បាល មិនវ៉ៃកន្ទុយទេ ក្នុងន័យនេះ គឺសម្តេច​កម្ចាត់រាល់ក្រុមថ្នាក់ដឹកនាំ របស់ក្រុមបក្សក្បត់ជាតិ។

សម្ដេចតេជោ ហ៊ុន សែន អះអាងបន្ដថា ការអនុវត្តផ្លូវច្បាប់ គឺមិនស្លាប់មនុស្សទេ មិនស្លាប់មនុស្សទេ គ្រាន់តែជាប់គុក ព្រោះការជាប់គុក​មិនមែន គេធ្វើបាបអ្នកឯងនោះទេ មកពីអ្នកឯងធ្វើខុស បានវាជាប់គុក គ្មានអ្នកណាគេទៅចាប់មនុស្សដែល​មិនបានប្រព្រឹត្តខុស​ដាក់គុកនោះទេ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ ១២៖៣៥នាទីរំលងអាធ្រាត្រថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានអនុវត្តតាមការបញ្ជារបស់ សហរដ្ឋអាមេរិក ដើម្បីដណ្តើមអំណាច ពីរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈម នឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ហើយចៅក្រមស៊ើបសួរ ក៏បានសម្រេចឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្នផងដែរ៕