(កំពង់ស្ពឺ)៖ កម្មករ-កម្មការិនីជាង៥ពាន់នាក់ នៅរោងនៅរោងចក្រវ៉ាសាន់ ឃុំកាហែង ស្រុកសំរោងទង បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការថ្លែងអំណរគុណនេះ ធ្វើឡើងនាឱកាស​ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ២៦០នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ​ចំនួន៣ពាន់នាក់។ ក្នុងនោះ​បានពិនិត្យព្យាលបាលជំងឺស្រ្តី៩៧៦នាក់, ជំងឺផ្លូវចិត្ត៩៣នាក់, ជំងឺឫសដូងបាត២១៣នាក់, ជំងឺសន្លាក់ឆ្អឹង៧៩នាក់, ជំងឺរលាកសួត៨១នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៦៧នាក់, ជំងឺភ្នែក៧៤នាក់, ជំងឺសើរស្បែក៦១នាក់, ជំងឺទឹកនោមផ្អែម៥២នាក់, ជំងឺមាត់ធ្មេញ៧៩នាក់, អេកូសាស្ត្រ១៦៧នាក់ និងជំងឺទូទៅ៣១៣៦នាក់ និងព្យាបាលរបួស និងវះកាត់តូច៥៣នាក់។។

លោក ហេង រដ្ឋា វ័យ២៨ឆ្នាំ កម្មករធ្វើការរោងចក្រវ៉ាសាន់ បានថ្លែងឲ្យដឹងថា «ខ្ញុំពិតជាមានសេចក្ដីត្រេកអរយ៉ាងខ្លាំង និងសូមថ្លែង​អំណរ​គុណ ឯកឧត្តមហ៊ុន ម៉ានី​ ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកចុះជួយព្យាបាលជំងឺជូនកម្មករនិងកម្មការិនី ហើយខ្ញុំសូមជូនពរឲ្យ​ឯកឧត្តម និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ជួបប្រទះតែសេចក្ដីសុខ គ្រប់ប្រការ»។

សម្រាប់កម្មការិនីម្នាក់ទៀត អ្នកស្រី ឃីម សង្វាត បំរើការងារនៅរោងចក្រវ៉ាសាន់ ប្រមាណជិត១០ឆ្នាំមកហើយនោះថ្លែងថា បច្ចុប្បន្នរូបគាត់កំពុងមានជំងឺ។ គាត់បញ្ជាក់ថា «ខ្ញុំចង់ឲ្យក្រុមគ្រូពេទ្យឧស្សាហ៍ ចុះមកពិនិត្យសុខភាពពួកខ្ញុំបន្តិច ព្រោះសប្បាយចិត្តព្យាបាលជំងឺ ដោយឥតគិតថ្លៃអ៊ីចឹង!»។

អ្នកស្រីក៏បានស្នើសូមឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចុះមកជួយព្យាបាលប្រជាពលរដ្ឋឲ្យបានញឹកញាប់បំផុត។

សូមបញ្ជាក់ថារយៈពេល៥៨ខែ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,០៣៤នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៨៤លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន១៣៦,១៦៩នាក់។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន​ ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕