(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានបង្កើតឡើងដោយមានព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងរូបសម្ដេចតេជោផ្ទាល់ ជាសហស្ថាបនិក និងជាតួអង្គគន្លឹះយ៉ាងសំខាន់បំផុត ហើយខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ បានរំលាយចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា រួចជាស្រេចទៅហើយ បើអ្នកដែលបកស្រាយខុសខ្លឹមសារទាំងទទឹងទិសមិនច្បាស់ទេ សូមទៅបើកមើលរដ្ឋធម្មនុញ្ញឡើងវិញ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)

សម្ដេចតេជោ ហ៊ុន សែន ណែនាំចង្អុលបង្ហាញបែបនេះ ដោយសារកន្លងមក មានបុគ្គលមួយចំនួនបានរិះគន់លើរាជរដ្ឋាភិបាលកម្ពុជាថា បានរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបានបកស្រាយខុសខ្លឹមសារទាំងទទឹងទិស នៃកិច្ចព្រមព្រៀងសន្តិភាពនេះ ដែលបានបង្កើតឡើងយ៉ាងលំបាកជាយូរឆ្នាំ និងឆ្លងកាត់ឧបសគ្គជាហូរហែរាប់មិនអស់ រហូតដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទើបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ លិចរូបរាងឡើងជាស្ថាពរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងពន្យល់អ្វីទាំងអស់នេះ ក្នុង​ឱកាសអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាប ពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ហើយក៏ជាខួប២៦ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។

សម្ដេចប្រមុខបានលើកឡើងថា កន្លងមក មានបុគ្គលមួយចំនួនតែងតែបកស្រាយទាំងទទឹងទិស អំពីកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ទាំងដែលខ្លួនមិនបានស្គាល់ និងមិនបានយល់ច្បាស់ ពីកិច្ចព្រមព្រៀងសន្តិភាពនេះផង។ ឆ្លើយតបនឹងអ្នកបកស្រាយដែលគ្មានមូលដ្ឋានច្បាស់លាស់ទាំងនោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងជាសហស្ថាបនិកនៃកិច្ចព្រមព្រៀងប៉ារីស សម្ដេចតេជោ ហ៊ុន សែន បានចង្អុលប្រាប់ទៅវិញថា សូមទៅបើកមើលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាឡើងវិញ និងរៀនសូត្រឲ្យបានច្បាស់លាស់បន្ថែមទៀត ព្រោះថា ខ្លឹមសារនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស បានរលាយចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា នាពេលបច្ចុប្បន្ន រួចស្រេចទៅហើយ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «ក្នុងឋានៈជាសហស្ថាបនិក និងជាអ្នកដើរតួជាគន្លឹះមួយក្នុងចំណោមគន្លឹះពីរ (សម្ដេចព្រះនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន) នៃកិច្ចព្រមព្រៀងប៉ារីស យើងយល់ យើងស្គាល់អំពីកិច្ចព្រមព្រៀងប៉ារីស ហើយមិនមែនស្គាល់ត្រឹមតែកិច្ចព្រមព្រៀងប៉ារីស ដែលវាបានកើតជារូបរាងនោះទេ យើងបានស្គាល់តាំងពីចំណុចចាប់ផ្ដើមពីដំបូង នៃបញ្ហារបស់កម្ពុជា សង្ឃឹមថា អ្នកដែលបកស្រាយពីកិច្ចព្រមព្រៀងទាំងទទឹងទិសទាំងឡាយ រាប់ទាំងមិនដែលឃើញកិច្ចព្រមព្រៀងប៉ារីសយ៉ាងណាផងនោះ ក៏គួរតែត្រូវយល់សិក្សាឲ្យបានច្បាប់អំពីកិច្ចព្រមព្រៀងប៉ារីសនេះ ផ្ដើមចេញពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ ក្នុងពេលជំនួប ដែលហៅថាជំនួបសីហនុ-ហ៊ុន សែន នោះហើយគឺជាការចាប់ផ្ដើមជំហានដំបូង ដើម្បីឈានឆ្ពោះទៅរកការចរចា នៃបណ្ដាភាគីដែលមានការពាក់ព័ន្ធ រហូតដល់អង្គការសហប្រជាជាតិ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចំណុចនេះគឺជាចំណុចដែលយើងចងចាំ»

សម្តេចបានចោទជាសំណួរ សួរទៅក្រុមអ្នកបកស្រាយទាំងទទឹងទិសនោះថា ប្រសិនបើរាជរដ្ឋាភិបាល បច្ចុប្បន្ន មិនគោរពតាមកិច្ចព្រមព្រៀងប៉ារីសនោះទេ តើការកាត់ទោសមេដឹកនាំរបបប្រល័យពូជសាសន៍ខ្មែរក្រហមធំៗ មាន ខៀវ សំផន, នួន ជា, អៀង សារី ស្របច្បាប់ ស្របនឹងឆន្ទៈរបស់ប្រជាពលរដ្ឋដែរឬក៏អត់? ព្រោះនៅក្នុងកិច្ចព្រមព្រៀងប៉ារីសនេះ មិនបានតម្រូវឲ្យមានការកាត់ទោស ខៀវ សំផន, អៀង សារី ឬកាត់ទោសខ្មែរក្រហមដទៃទៀតនោះទេ។ ក្នុងនោះ សម្ដេចបានរំឭកដែរថា វាជារឿងគួរឲ្យខ្មាសអៀនខ្លាំងណាស់ ព្រោះក្នុងនាមជាជនជាតិខ្មែរដូចគ្នា ប៉ុន្តែមិនអាចអង្គុយតុអាហាររួមគ្នាបាន ជាពិសេស ខៀវ សំផន ដែលជាភាគីខ្មែរក្រហម មិនព្រមចាប់ដៃជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ នាពេលនោះឡើយ។

មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន បានរំឭកទៀតថា មុនឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ គឺមានការលំបាក និងការជួបប្រជុំជាច្រើនលើក ដែលកិច្ចប្រជុំខ្លះធ្វើតាំងពីម៉ោង ៦ព្រឹក រហូតដល់ ៣ទៀបភ្លឺ ក៏មាន ដូច្នេះការអំពាវនាវឲ្យមានការកោះប្រជុំប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងប៉ារីស គឺជារឿងដែលមិនអាចទៅរួចនោះឡើយ បើប្រជុំឡើងវិញ ត្រូវបង្កើតភាគីកម្ពុជាចំនួន ៤ភាគី ឡើងវិញដែរ ទើបត្រឹមត្រូវ តែឥលូវមានតែ១ភាគីប៉ុណ្ណោះ គឺរាជរដ្ឋាភិបាលកម្ពុជា​ស្របច្បាប់ បច្ចុប្បន្ននេះ ដែលដឹកនាំដោយរូបសម្ដេចតេជោផ្ទាល់ និងតំណាងដោយព្រះមហាក្សត្រ ដែលព្រះអង្គគង់ប្រថាប់ជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា៕