(ភ្នំពេញ)៖ កឋិនទានដែលធ្វើឡើងដោយជំនួយការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាទទួលបានបច្ច័យសរុប ១០០ លានរៀល​ ដើម្បីប្រមូលបច្ច័យវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស នៃវត្តព្រះពុទ្ធអណ្តែត ហៅវត្តក្តីល្វា ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទុកសម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្តនេះ។

អង្គកឋិននេះផ្តើមធ្វើឡើងដោយឧបាសិកា ទូច សុន មាតាបង្កើតលោក ឌី ពៅ ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន, លោក ឌី ពៅ និងភរិយា រុន មុយស៊ង, លោក ស៊ាង ប៊ុនលាង និងភរិយា, លោក ហ៊ុន ប៊ុនធឿន, លោក សេង ទៀង និងភរិយា ឈាង វណ្ណា, លោក យូ ស៊ុនឡុង និងភរិយា, លោក ហ៊ុន ស៊ីថា និងភរិយា។

អង្គកឋិនទានសាមគ្គីនេះ បានប្រារព្វធ្វើឡើងនៅគេហដ្ឋាន លោក ឌី ពៅ និងភរិយា លោកស្រី រុន មុយស៊ង ស្ថិតក្នុងអគារលេខ០៥ ផ្លូវលេខ១ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្នុងបុរីអង្គរភ្នំពេញ រាជធានីភ្នំពេញ នាថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។

លោក ឌី ពៅ និងភរិយា ព្រមទាំង លោក លោកស្រីជាថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទទាំងអស់ បានបួងសួងដល់វត្ថុសក្តិសិទ្ធទេវតាក្នុងលោក ពិសេសវត្ថុសក្តិសិទ្ធទេវតាថែរក្សា និងព្រះបារមីថែរក្សាវត្តព្រះពុទ្ធអណ្តែត ជួយប្រោសព្រំបីបាច់ថែរក្សាការពារ ការប្រារព្វពិធីបុណ្យដង្ហែអង្គកឋិនទាននេះ សូមប្រកបដោយសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រូសារ ពិសេសការប្រមូលបច្ច័យដើម្បីជួយដល់ដំណើរការកសាង នូវមហាសមិទ្ធផលនានាក្នុងទីអារាម ជាសម្បតិ្តគរុភណ្ឌរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទនៃយើង ពិសេសរាល់សំណង់សមិទ្ធផលនានាដែលជាកេរ្តិ៍មរតកមិនអាចកាត់ថ្លៃបាន របស់អ្នកឧកញ៉ាមហាភក្តីសិប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ត្រូវជាបិតាមាតាបង្កើតសម្តេចតេជោ ហ៊ុន សែន ដែលបានបរិច្ចាកនូវធនធានដ៏មានតម្លៃបំផុត របស់លោកទាំងទ្វេក្នុងការកសាងទីអារាមវត្តក្តីល្វា ដែលមិនមានអ្វីទាល់តែសោះ រហូតធ្វើឲ្យទីអារាមនេះ មានឈ្មោះបោះសម្លេង រហូតមកដល់ពេលបច្ចុប្បន្ននិងទៅអនាគត។

បច្ច័យដែលប្រមូលបានពីអង្គកឋិនទាននេះ រួមមានបច្ច័យជារូបិយប័ណ្ណជាតិសរុបចំនួន១០០លានរៀល។ នៅចំពោះព្រះភក្តិព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តក្តីល្វា លោក ឌី ពៅ និងលោក ស៊ាង ប៊ុនលាង បានថ្លែងដូចគ្នាថា «យើងជាកូនចៅជំនាន់ក្រោយ និងជាអ្នកបន្តវេន នឹងខិតខំធ្វើបុណ្យ និងការស្វែងរកបច្ច័យជាអំពើកុសល ដើម្បីបន្តកសាងនូវរាល់សមិទ្ធផលជាកេរ្តិ៍មរតកដ៏មានតម្លៃបំផុត របស់អ្នកឧកញ៉ាមហាភក្តីសិប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដើម្បីឲ្យទីអារាមនេះកាន់តែមានឈ្មោះបោះសម្លេងខ្ពង់ខ្ពស់ថែមទៀត»

ក្រៅពីបច្ច័យប្រគេនព្រះសង្ឃ លោក ឌី ពៅ និងភរិយា បានប្រគេនបច្ច័យព្រះសង្ឃជាភិក្ខុក្នុង១អង្គ ៤០ម៉ឺនរៀល ព្រះសង្ឃជាសាមណេក្នុង១អង្គ១០ម៉ឺនរៀល ជូនសិស្សានុសិស្សវិទ្យាល័យ ឌី ប៉ុក ចំនួន ៥០០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ១ក្បាល ប៊ិច១ដើម ថវិកា៤ពាន់រៀល លោកគ្រូអ្នកគ្រូ៧១នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល គណៈកម្មការអាចារ្យ លោកយាយលោកតា ស្នាក់នៅក្នុងវត្តម្នាក់ៗទទួលបាន២ម៉ឺនរៀល។

សូមបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៦កន្លងទៅ លោក ឌី ពៅ និងភរិយា ក៏បានផ្តួចផ្តើមគំនិតប្រារព្វពិ ធីបុណ្យដង្ហែរអង្គកឋិនទានសាមគ្គីចូលមកកាន់ទីអារាម វត្តព្រះពុទ្ធអណ្តែតនេះ ម្តងរួចមកហើយ ហើយការដង្ហែរអង្គកឋិនទានចូលទៅកាន់វត្តព្រះពុទ្ធអណ្តែតជាថ្មីម្តងទៀតនេះ គឺដើម្បីប្រមូលបច្ច័យបន្តកសាងនូវមហាសិទ្ធផលថ្មីៗជាច្រើនទៀត ដែលជាសេចក្តីត្រូវការរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត។ ព្រះសង្ឃនិងពុទ្ធបរិសទចំណុះជើងវត្ត លើកឧទ្ទិសមហាកុសលដ៏ថ្លៃថ្លានេះ ជូនដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសិប្បុរិសភោគាធិបតី ហ៊ុន នាង មហាឧបាសិកា ឌី ប៉ុក និងឧបាសក ឌី ផាន ព្រមទាំងបងប្អូនញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតដោយប្រការណាមួយ ចាប់តាំងពីថ្ងៃនេះតរៀងទៅ៕