(ភ្នំពេញ)៖ ឆ្លើយតបការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ឲ្យកងទ័ពបះបោរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់កម្ពុជា និងជាអ្នកបង្កើតកងកម្លាំងអាវុធ ក្រោយរំដោះប្រទេសចេញពីភ្លើងសង្គ្រាម​នោះ បានថ្លែងថា អ្នកដែលចង់លេងជាមួយសម្តេច តាមកម្លាំងប្រដាប់អាវុធ សូមឲ្យធ្វើក្តាមឈូសឲ្យហើយទៅ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)

សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាក់ថា ដើម្បីការពារសុខសន្តិភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ហ៊ានកម្ចាត់ចោលមនុស្សមួយចំនួនប្រសិនបើចាំបាច់​។ មួយវិញទៀត ប្រសិនបើអ្នកដែលចង់ផ្ដួលរំលំសម្ដេច ដោយកងកម្លាំងអាវុធហើយមិនឈ្នះនោះ មានតែផ្លូវគុកតែមួយគត់ សម្រាប់អ្នកដែលចង់ផ្ដួលរំលំ។

ការមានប្រសាសន៍ខ្លាំងៗ ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងឱកាសសម្ដេច អញ្ជើញ​បើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកា ប្រមាណ៣៥លានដុល្លារអាមេរិក​។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកបាននិយាយឲ្យកងកម្លាំងប្រដាប់អាវុធបែរចុងការណុង មកកាន់រាជរដ្ឋាភិបាល ប៉ុន្ដែអ្នកស្គាល់ទាហានកម្ពុជាតិចពេកហើយ អ្នកស្គាល់ហ៊ុន សែន តិចពេកហើយ មិនទាន់ដល់ពេលដែលអ្នកអាចធ្វើបែបនេះចំពោះ ហ៊ុន សែនទេ [...] អ្នកមិនទាន់មានលទ្ធភាពផ្ដួលរំលំ ហ៊ុន សែន​ តាមកម្លាំងយោធានោះទេ បើអ្នកហ៊ានលោត ក៏ហ៊ានស្លាប់ដែរ ធ្វើក្ដាមឈូសទុកឲ្យហើយបើអ្នកចង់លេង ប៉ុន្ដែបើអ្នកលេងមិនឈ្នះ ហ៊ុន សែន អ្នកមានតែកន្លែងមួយគត់គឺគុក»

សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានរំលឹកឡើងវិញផងដែរថា ​ដើម្បីការពារសេចក្ដីសុខសាន្ដរបស់ប្រជាជន ធានាសន្ដិភាពឲ្យប្រជាជន កុំឲ្យប្រជាជនធ្លាក់ទៅក្នុងសេចក្ដីស្លាប់ សម្ដេចហ៊ានកម្ចាត់ចោលមនុស្សមួយចំនួន បើសិនវាចាំបាច់។

បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីការពារសមទិ្ធផលកិច្ចព្រមព្រៀង២៣តុលា ការពារសមិទ្ធផល នៃនយោបាយឈ្នះឈ្នះ ការពារសមិទ្ធផលសង្គមជាតិ ដែលបានកសាងដោយលំបាករហូតមកដល់ពេលនេះ សម្ដេចប្ដេជ្ញាអនុវត្តច្បាប់ដើម្បីការពារជាតិ ដើម្បីការពារប្រជាជន ហើយបើ​មាន​តម្រូវកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមជាស្រេចដើម្បីឆ្លើយតប ជាមួយនឹងសភាពការណ៍ដែលវាកើតឡើង។

សូមជម្រាបថា កាលពីពេលកន្លងទៅនេះ តាមរយៈវីដេអូរបស់ទណ្ឌិត សម រង្ស៊ី ដែលបានថ្លែងជាមួយខ្មែរនៅក្រៅស្រុកថា កងទ័ពកំពុងមានបំណងបះបោរផ្តួលរំលំរាជរដ្ឋាភិបាល។ ក្នុងវីដេអូ​ថ្លែងជាមួយប្រជាពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១១នោះ លោក សម រង្ស៊ី បានថ្លែងថា កងទ័ព កម្លាំងប្រដាប់អាវុធ មានតែបង្វែរកាណុងទៅកាន់រាជរដ្ឋាភិបាល ព្រោះតែការរស់នៅរបស់ពួកគេកាន់តលំបាកទៅៗ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ទៅនឹងវីដេអូរបស់ លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។

ភា្លមៗនោះ មេទ័ពកំពូលៗ និងថ្នាក់ដឹកនាំក្នុងជួរកងកម្លាំងប្រដាប់អាវុធ ព្រមទាំងថ្នាក់ដឹកនាំតាមបណ្ដា ស្ថាប័ន ក្រសួងផ្សេងៗទៀតនោះរបស់កម្ពុជា បានចេញ​ញត្តិគាំទ្ររាជរដ្ឋាភិបាល និងប្រឆាំងសម្តីរបស់លោក សម រង្ស៊ី ហើយបានគូសបញ្ជាក់ថា កងទ័ពទាំងអស់គ្មានថ្ងៃបះបោរក្បត់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំស្របច្បាប់ ដែលបានប្រសូត្រចេញពីឆន្ទៈរាស្រ្តពិតប្រាកដនោះឡើយ៕