(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា (U19) នឹងត្រូវបើកឆាកប៉ះក្រុមភ្ញៀវ U19 ចិន នៅពហុកីឡដ្ឋានជាតិ ម៉ោង ៦៖៣០នាទីស្អែកនេះ វគ្គសន្សំពិន្ទុនៃពូល G ជើងឯកប្រចាំទ្វីបអាស៊ី AFC U19 Championshio 2018។

ទាំង U19 កម្ពុជា និង U19 ចិន មិនដែលមានប្រវត្តិជួបគ្នាពីមុនមកនោះទេ តែក្រុមសិស្សច្បង U23 កម្ពុជាធ្លាប់ជួប U23 ចិនម្តងជាប្រវត្តិសាស្រ្តកាលពីចុងខែកក្កដា ឆ្នាំ២០១៧ ស្មើគ្នា ០-០ ក្នុងពានរង្វាន់អាស៊ីដូចគ្នា AFC U23 Championship 2018 ដែលមានចិនធ្វើម្ចាស់ផ្ទះឆ្នាំក្រោយ។

លោក Kazunori Inoue គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃ ចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧ នេះថា សម្រាប់ការត្រៀមជួប U19 ចិនស្អែកនេះ អាចនឹងមានសម្ពាធខ្លះលើកូនក្រុមរបស់ខ្លួន ដែលមានកាយសម្បទាចាញ់កីឡាករក្រុមភ្ញៀវ ស្របពេលលោកមានការព្រួយបារម្ភខ្លះលើបច្ចេកទេស និងចិត្តសាស្ដ្ររបស់កីឡាករ U19 កម្ពុជា ដែលប្រឈមនឹងការលំបាកពេលជួបចិន។

តែយ៉ាងណាលោកបានប្ដេជ្ញាចិត្ត និងព្យាយាមធ្វើឲ្យបានល្អបំផុត ដើម្បីការពារគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ក្រុម U19 ចិន។ គូ្រជប៉ុនរូបនេះនិយាយថា «យើងមិនសូវបានដឹងពីចិនទេ តែតាមការបង្ហើបឲ្យដឹងពីក្រុមការងារ ចិនគឺជាក្រុមខ្លាំង ហើយមានប្រៀបផ្នែកកាយសម្បទាលើកម្ពុជា។ ដូច្នេះស្អែកនេះ ខ្ញុំនឹងផ្ដោតសំខាន់ការការពារឲ្យបានល្អ ដើម្បីកុំឲ្យមានការស៊ុតបញ្ចូលទីពីក្រុមចិន»

ដោយឡែកគ្រូ U19 ចិនលោក Jia Ziuquan ក៏បានឲ្យដឹងដែរថា គ្រប់ការប្រកួតក្នុងវគ្គជម្រុះពាន AFC U-19 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសុទ្ធតែសំខាន់ ហើយកូនក្រុមខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការប្រកួតប្រជែង ដើម្បីស្វែងរកជ័យជម្នះ និងបន្ដដំណើរទៅជុំផ្ដាច់ព្រ័ត្រនាឆ្នាំ២០១៨ ដែលឥណ្ឌូនេស៊ីនឹងធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្ដែការជួបម្ចាស់ផ្ទះ U-19 កម្ពុជាស្អែកនេះ លោកបាននិយាយយ៉ាងខ្លីថា «ចូរអ្នកទាំងអស់គ្នា រង់ចាំមើលការប្រកួតថ្ងៃស្អែក»

សូមបញ្ជាក់ថា វគ្គជម្រុះពានរង្វាន់ AFC U19 Championship 2018 ពូល G នឹងធ្វើការប្រកួតចាប់ពីថ្ងៃទី២៤-២៨ ខែតុលានេះ ដោយមាន ៤ក្រុមចូលរួម គឺមានក្រុមម្ចាស់ផ្ទះ U19 កម្ពុជា, ចិន, មីយ៉ាន់ម៉ា និងហ្វីលីពីន ហើយការប្រកួតបើកឆាកស្អែកនេះ មុនឈានដល់ជំនួបរវាងក្រុមគោព្រៃជំទង់កម្ពុជា និងចិន គឺក្រុម U19 មីយ៉ាន់ម៉ា ត្រូវជួបក្រុម U19 ហ្វីលីពីនមុន នៅវេលាម៉ោង ៣៖៣០នាទីរសៀល៕