(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើល ខណៈមានស្រ្ដីម្នាក់ បានធ្វើអត្តឃាតខ្លួន ដោយចង កនឹងក្រមា បណ្ដាលឲ្យស្លាប់ ដោយសារតែស្រីម្នាក់នោះ ត្រូវបានគេដឹងថា គឺជាអតីតតារាសម្ដែងស្រីសិចស៊ី មួយរូបមានឈ្មោះថា កែវ សូរិយា។ 

អតីតតារាសម្ដែងរូបនេះ បានធ្វើអត្តឃាតខ្លួន នៅចំណុចផ្ទះជួល ក្នុងបុរីមួយកន្លែង ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីល្ងាចថ្ងៃទី ២២ តុលា ឆ្នាំ២០១៧ ម្សិលមិញនេះ។

យោងតាមសមត្ថកិច្ចនៅខណ្ឌច្បារអំពៅ បានថ្លែងឲ្យដឹងថា អតីតតារាសម្ដែងស្រីសិចស៊ី កែវ សូរិយា ដែលបានធ្វើអត្តឃាតនេះ មានឈ្មោះពិត វ៉ា នួនសុភា មានអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឡេ បច្ចុប្បន្នស្នាក់នៅផ្ទះ ជួលលេខ១០ ក្នុងបុរីមួយកន្លែង ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាកន្លែងកើតហេតុខាងលើ។ កន្លងមកជនរងគ្រោះ បានលែងលះគ្នា ជាមួយប្តីកន្លះឆ្នាំមកហើយ (មានសាលក្រមតុលាការ) រួចជនរងគ្រោះ ធ្លាប់ប៉ងលេបថ្នាំសម្លាប់ខ្លួន ម្តងរួចមកហើយ តែត្រូវបងប្អូនជួយសង្គ្រោះទាន់យក ទៅពេទ្យជោរៃ!។

សមត្ថកិច្ចបានបន្ដថា លុះដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅវេលាម៉ោង១៦៖០០នាទី ជនរងគ្រោះ បានយកក្រមាចង.ក ធ្វើអត្តឃាត នៅធ្នឹមបង្អួចក្នុងបន្ទប់ដេក ស្លាប់ ពេលនោះអ្នកបំរើក្នុងផ្ទះឃើញ ក៏ប្រាប់សន្តិសុខ រួចមករាយការណ៍ជូនសមត្ថកិច្ច។ បើតាមការសន្និដ្ឋាន យោងតាមសាក្សី និងពិនិត្យកន្លែងកើតហេតុ របស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងលោក នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ បានបញ្ជាប់ថា ជនរងគ្រោះស្លាប់ដោយចងកធ្វើអត្តឃាតខ្លួនឯង!។

ប្រភពព័ត៌មានដែលទម្លាយចេញពីក្រុមគ្រួសារ បានឲ្យដឹងថា មូលហេតុដែលឈានដល់ការធ្វើអត្តឃាតសម្លាប់ខ្លួននេះ ព្រោះមានវិបត្តិ បន្ទាប់ពីលែងលះប្ដីរួច កូនស្រីបានទៅខាងប្ដី ដែលមានឋានៈជាមន្រ្តីយោធា។

សូមបញ្ជាក់ថា បច្ចុប្បន្នសពអតីតតារាសម្ដែងស្រីសិចស៊ី កែវ សូរិយា ដែលបានធ្វើអត្តឃាតសម្លាប់ខ្លួនខាងលើនេះ ត្រូវបានសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕