(ភ្នំពេញ)៖ កម្លាំងនគរបាលផ្នែកគ្រឿងញៀន និងផ្នែកអន្តរាគមន៍ ខណ្ឌជ្រោយចង្វារ បានសហការប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នាថ្ងៃទី២២ ខេតុលា ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅចំណុចក្រុមទី៤ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ស៊ឺម សាវ៉ាត នាយផ្នែកគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បានថ្លែងថា ជនសង្ស័យត្រូវបង្ក្រាបបានជាបុរស មានចំនួន៨នាក់ទី១៖ ឈ្មោះ សួន បញ្ញា អាយុ១៥ឆ្នាំ, ទី២៖ ឈ្មោះ សុះ ឡាវី អាយុ៣១ឆ្នាំ, ទី៣៖ ឈ្មោះ យ៉ា គ្រីយ៉ា អាយុ២៣ឆ្នាំ, ទី៤៖ ឈ្មោះ លី រី អាយុ២២ឆ្នាំ, ទី៥៖ ឈ្មោះ ឃ្លោក សុវណ្ណារ៉ា អាយុ៣០ឆ្នាំ, ទី៦៖ ឈ្មោះ ឃួន ឆាត អាយុ៤៣ឆ្នាំ, ទី៧៖ ឈ្មោះ ខែម វិសិទ្ធ អាយុ១៥ឆ្នាំ, ទី៨៖ ឈ្មោះ វង្ស ប្រាថ្នា អាយុ១៣ឆ្នាំ។

លោកវរសេនីយ៍ត្រី អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា មុនឈានដល់ការបង្ក្រាបក្រុមប្រើប្រាស់ និងជួញដូរថ្នាំញៀនទាំង៨នាក់ ខាងលើនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ក្រោមការណែនាំពីអធិការនគរបាលខណ្ឌដើម្បីឲ្យកម្លាំងជុំនាញ ផ្នែកអន្តរាគមន៍ និងផ្នែកគ្រឿងញៀន សហការចុះធ្វើរដ្ឋបាលក្នុងភូមិសាស្ត្រ ហើយអាចឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។ វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀន១៧កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ ពូថៅ កាំបិតដាវ និងសម្ភារប្រើប្រាសសម្រាប់ធ្វើសកម្មភាពមួយចំនួនផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ រួមជាមួយវត្ថុតាងត្រូវកម្លាំងនគរបាលខណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕